នៅ​រសៀល​នេះតុលាការ​នឹង​បន្ត​សវនាការ​រឿងក្ដី លោក សួន សេរី​រដ្ឋា ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​បើកសវនាការ​រឿងក្ដី លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​សរសេរ​ប្រមាថ​ដល់​កងទ័ព នៅលើ​បណ្តាញ​សង្គម Facebook​នៅ​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ នេះ ខណៈដែល​សវនាការ​នេះ​មាន​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ជំនុំជម្រះ និង លោក​សៀង សុខ ព្រះរាជអាជ្ញារង​ជា​តំណាង​អយ្យការ​។​
​សូម​រម្លឹកថា លោក សួន សេរី​រដ្ឋា ត្រូវបាន លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ជំនុំជម្រះ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស ក្នុងនោះ​រួមមាន បទ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា​៤៧១ នៃ​ក្រមព្រហ្មទណ្ឌ បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២​នៃ​ក្រមព្រហ្មទណ្ឌ និង បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៤​និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕