លោក ខៀវ កាញារីទ្ធ ៖ រដ្ឋាភិបាល​មិនបាន​បិទ​វិទ្យុ RFA និង​VOA នោះទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា ពុំបាន​បិទ​វិទ្យុ​អាស៊ីសេរី (RFA) និង វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) នោះទេ គឺ​ក្រសួង​ព័ត៌មាន​បិទ​តែ​ស្ថាប័ន​វិទ្យុ​ណា​ដែល​រំលោភច្បាប់​ប៉ុណ្ណោះ ហើយ​ថ្លែងថា RFA និង VOA នៅតែ​អាច​ផ្សាយ​បន្តបាន​នៅ​កម្ពុជា តាម​ស្ថាប័ន​វិទ្យុ​ដែលមាន​ច្បាប់​អនុញ្ញាត​។​
ការប្រកាស​របស់លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានធ្វើ​ឡើង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ថា រាជរដ្ឋាភិបាល គ្រោង​បិទ​មិនឱ្យ​មានការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​កម្ពុ​ជាត​ទៅទៀត​។
​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា “…​វិទ្យុ​អាស៊ីសេរី (RFA) យើង​អត់​បាន​បិទ​ទេ វិទ្យុ VOA (​សំឡេង​សហរដ្ឋអាមេរិក​) ក៏​យើង​អត់​បិទ​ដែរ​… វិទ្យុ​មួយចំនួន​នៅតែ​បន្ត​ផ្សាយ​ទេ ពីព្រោះ​តែ​គេ​សុំច្បាប់ ម្តេចក៏​ចេះតែ​និយាយថា បិទៗ​…​គឺ​យើង​បិទ​ស្ថានីយ៍​ណា ដែល​រំលោភ​ដែល​បំពាន​…”​។
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅនេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ស្នើឱ្យ​ក្រសួង​ព័ត៌មាន​ចាត់វិធានការ​ចំពោះ ការិយាល័យ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ VOA ដែល​បានធ្វើ​សកម្មភាព​យក​ព័ត៌មាន​នៅ​កម្ពុជា ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន និង​មិន​បានមក​ចុះបញ្ជី​ពន្ធដារ តាមច្បាប់​ស្តីពី​សារពើពន្ធ​ដែល​បានកំណត់​ផងដែរ​៕