​សាលក្រម​សំណុំរឿង លោក សួន សេរី​រដ្ឋា នឹង​ប្រកាសនៅរសៀល​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿងក្ដី លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​នៅ​រសៀល​នេះ ខណៈដែល​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ នៅ​តម្កល់​ការចោទប្រកាន់​ទាំង​៣​បទល្មើស​ដដែល ។ នេះ​បើ​យោងតាម​មន្ដ្រី​តុលាការ​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​សាវ​នា​ការ​ជំនុំ​ជម្រុះ​ក្តី​កាលពី​ល្ងាចម្សិលមិញ​។​
​គួរ​បញ្ជាក់ថា លោក សួន សេរី​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៣ សីហា ឆ្នាំ​២០១៧ បន្ទាប់​បាន​សរសេរ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រមាថមើលងាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​ប្រទេសជាតិ ពិសេស​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល នូវ​ព្រឹត្តិការណ៍​ប្រឈមមុខ​ដាក់គ្នា រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង​។​
​ជាមួយគ្នានេះ​លោក សួន សេរី​រដ្ឋា ត្រូវបាន លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស ក្នុងនោះ​រួមមាន បទ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា​៤៧១ នៃ​ក្រមព្រហ្មទណ្ឌ បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២​នៃ​ក្រមព្រហ្មទណ្ឌ និង បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៤​និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​
​នៅក្នុង​សារ​របស់ លោក សួន សេរី​រដ្ឋា ដែល​បង្ហោះ​លើ Facebook កាលពី​ថ្ងៃទី​១២​ខែ សីហា ឆ្នាំ​២០១៧ មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​ពេល​សង្គ្រាម កើតឡើង​ជាមួយ នឹង ប្រទេស​លាវ​នោះ​លទ្ធផល​វា​ហ្នឹង​មិន​ខុសពី​សង្គ្រាម ដែល​កើតឡើង​ជាមួយ នឹង ប្រទេស​សៀម​ទេ ! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​… ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យ​សក្តិ ប្រមូលបាន​លុយកាក់​សប្បាយ​ជាមួយ​ស្រី​ញី យ៉ាង​គគ្រឹកគគ្រេង​!​។ ពីព្រោះ​កន្លងមក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើត ឡើង​ជាមួយនឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរមុខ​ទេ​។ ចំណែកឯ​ពួក​មេៗ ពាក់​ផ្កាយ និង កូន​លោកធំៗ ដែល​នៅ​ជួរ​ក្រោយ​ចេញមុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់ ជាមួយ​ស្រី​កំដរ ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​» ៕