បាក់​ដី​រណ្ដៅ​ជីក​រ៉ែ​មាស ស្លាប់​ម្នាក់ និង​របួស​ម្នាក់ នៅ​ស្រុក​សំបូរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2017 ក+ ក-

​ខេត្តក្រចេះ ៖ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត និង​ម្នាក់ទៀត​បាន​រងរបួស បន្ទាប់ពី​បាក់​ដី​រណ្ដៅ​ជីក​រ៉ែ​មាស​មួយកន្លែង នៅ​យប់​ថ្ងៃទី​២៧ ឈានចូល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ត្រូ​ន ភូមិ​អូរ​ពោរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ (​នៅ​ជិត​ព្រំប្រទល់​ខេត្តមណ្ឌលគិរី​) ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​នេះ បណ្ដាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​មនុស្ស​២​នាក់ ឈ្មោះ ញ៉ែ​ត ផាត អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​កណ្តោល​ស្រុក​ទឹក​ឈូក ខេត្តកំពត របួស​ត្រូវចំ​ដៃ​ខាងឆ្វេង និង​ប្រអប់ជើង​ខាង​ធ្វេ​ង និង​ឈ្មោះ ហួន វាសនា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​ជ័យ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ របួស​ត្រូវ​ចំក្បាល និង​ហូរឈាម​តាម​ត្រចៀក (​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​)​។ សមត្ថកិច្ច​បញ្ជាក់ថា ទីតាំង​ដែល​បាក់​រណ្ដៅ​ជីក​រ៉ែ​មាស​នេះ​ជា​របស់​ឈ្មោះ គង់ ប៊ុននាង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរឫស្សី​១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​៕