ឃាត់ខ្លួន​ស្ត្រី​លក់​ឡេ​លាបស្បែកតាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Love Riya
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2017 ក+ ក-

​កណ្តាល ៖ កម្លាំងចម្រុះ​របស់​គណ​:​កម្ម​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែលមាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន​គណ​:​កម្ម​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​មានការ​សម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល និង​មានការ​ចូលរួម​ពី​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល លោក​អធិការ​ក្រុង​តាខ្មៅ លោក​មេ​ប៉ុស្តិ៍ បាន​ចុះ​ធ្វើការ​ឆែកឆេរ​ផ្ទះ​ស្ត្រី​ម្នាក់ លក់​ឡេ លក់​ម្សៅ គ្រឿង​លម្អរ​ខ្លួន សង្ស័យ​ផលិត វេច​ខ្ចប់ រក្សាទុក លក់ និង​ចែកចាយ​ថ្នាំលាប​ស្បែក លាប​ឡេ ដោយ​ពុំមាន​សុំច្បាប់​អនុញ្ញាត និង​ចុះបញ្ជី​ការ​ជាមួយ​ក្រសួងសុខាភិបាល​ហើយ​ផលិតផល ជា​ថ្នាំលាប​ស្បែក​នេះ​សង្ស័យថា ជា​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ និង​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព​អ្នកប្រើប្រាស់​។ ប្រតិបត្តិ​ការចុះ​ឆែកឆេរ​នេះ សមត្ថកិច្ច​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​យីហោ​៩៩៩ វុ​ទ្ធ ថេត កាត់ដេរ ស្ថិតនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយមាន​ម្ចាស់​ទីតាំង​មានឈ្មោះ ឆេង ស្រីរ​ត្ន័ ហៅ (Love Riya) ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល មានមុខ​របរ​ផលិតករ និង​អាជីវករ​ថ្នាំលាប​ស្បែក​។ ប្រតិបត្តិការ​នេះ សមត្ថ​ក​កិច្ច​បាន​ដក​វត្ថុតាង​រួមមាន​៖ ប្រភេទ​ឡេ លាប​ស្បែក​ឲ្យ​ស​ក្នុង​រយ​:​ពេល​មួយ​សប្តាហ៍​, ម្សៅលាបមុខ​ឲ្យ​ស​, បំបាត់​មុន ជាំ​, ឡេ​និង​ម្សៅ​ខាត់​ស្បែក​ឲ្យ​ស​ភ្លាមៗ​។​ល​។ សរុប​ទាំងអស់​៣០​ប្រភេទ មួយចំនួនធំ​។​
​បើតាម​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន​គណ​:​គណកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែលមាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុវត្ថិភាព​សង្គម​បាន​ប្រាប់ ឱ្យដឹងថា ដោយមាន​ការទទួល​ព័ត៌មាន និង​ការផ្សាយ​តាម Online របស់​ម្ចាស់​ផលិតផល គណ​:​កម្ម​ការ​យើង​បានធ្វើការ​ស្រាវជ្រាវ រហូត​មានការ​ឯកភាព​ពី​ស្ថាប័ន​តុលាការ គណ​:​កម្ម​ការ​យើង​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញារង បាន​ចុះ​ឆែកឆេរ​ទីតាំង​ខាងលើ ដែល​ស​សង្ស័យ​លក់​ឡេ លក់​ម្សៅ គ្រឿង​លម្អ​ខ្លួន ក្លែងក្លាយ​។ ភ្លាមៗ​នោះ​បន្ទាប់ពី​ធ្វើការ​ឆែកឆេរ​ពិតជា​បាន​រកឃើញថា ផលិត​ទាំងនោះ​គឺ វេច​ខ្ចប់ រក្សាទុក លក់ និង​ចែកចាយ​ដោយ​ពុំមាន​សុំច្បាប់​អនុញ្ញាត និង​ចុះបញ្ជី​ការ​ជាមួយ​ក្រសួងសុខាភិបាល​ហើយ​ផលិតផល ជា​ថ្នាំលាប​ស្បែក​នេះ​សង្ស័យថា ជា​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ និង​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព​អ្នកប្រើប្រាស់​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ចំពោះ​ផលិតផល​ទាំងអស់នោះ លោក​ព្រះរាជអាជ្ញារ​រង​បាន​ឯកភាព​ឲ្យ​ខាង​គណ​:​កម្ម​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​យកទៅ​មន្ទីរពិសោធន៍ ដើម្បី​ពិសោធន៍​មើល​ឲ្យ​ដឹង​ច្បាស់​ថា​ផលិតផល​ទាំងអស់នោះ​ជា​ផលិតផល​ក្លែងក្លាយ និង​ពេល​ប្រើប្រាស់​រួច​អាច​ប៉ះពាល់​ដល់​សុខភាព​កម្រិតណា​។ ចំពោះ​ឯ​ម្ចាស់​ទីតាំង​ក៏​ត្រូវបាន​ឃាត់ខ្លួន និង​បន្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់​៕