អ្នកស្រី ថាក់ ឡា​នី នៅជាប់​គុក​១​ឆ្នាំកន្លះ​ដដែល​រឿង​ចោទ​សម្តេច​តេ​ជោ​សម្លាប់​លោក កែម ឡី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​សម្រេច​ត​ម្ក​ល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល ពោលគឺ​ផ្តន្ទាទោស​អ្នកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដាក់ពន្ធនាគារ​១​ឆ្នាំកន្លះ​ដែល រឿង​ចោទប្រកាន់​សម្តេច​តេ​ជោ​ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។​
​លោក ប្លង់ សំណាង អនុប្រធាន​សាលាឧទ្ធរណ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​នេះ​ថា សាលដីកា​នេះ​ត្រូវបាន​ប្រកាស​ដោយ​កំបាំងមុខ​ជនជាប់ចោទ មេធាវី​ការពារ​ជនជាប់ចោទ និង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តែ​ចាត់ទុកជា​ចំពោះមុខ​។​
​អ្នកស្រី ថាក់ ឡា​នី ជាប់ចោទ​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ តាម​មាត្រា ៣០៥ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។​
​នៅក្នុង​វេទិកាសាធារណៈ​នៅ​ខេត្តរតនគិរី អ្នកស្រី ថាក់ ឡា​នី បាន​ចោទប្រកាន់​សម្តេច​តេ​ជោ​ថា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី ។​
​គួរ​បញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រកាស​សាលក្រម​ផ្តន្ទាទោស​អ្នកស្រី ថាក់ ឡា​នី ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំនួន​១០០​រៀល​៕