UNSC នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជុំវិញ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2017 ក+ ក-

​សេ​អ៊ូ​ល ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុន​ហ៉ា​ប់ បាន​រាយការណ៍​មុននេះ​ថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) នឹង​បើក​កិច្ចប្រជុំ​ជាបន្ទាន់​មួយនា​ថ្ងៃ​អង្គារ​នេះ ដើម្បី​ជជែក​ពិភាក្សា​អំពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​យ៉ាង​គគ្លើន​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង ដែល​បាន​ហោះ​ឆ្លងកាត់​ប្រទេស​ជប៉ុន តប​តាម​ការស្នើសុំ​ពី​សំណាក់​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​។
​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៥ និង​៥៧​នាទី​ព្រឹក​មិញ​នេះ (​ពេលវេលា​នៅ​ទីក្រុង​សេ​អ៊ូ​ល​) កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​ស៊ី​ល​មួយ​គ្រាប់​ចេញពី​តំបន់ Sunan ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​ឆ្ពោះទៅ​ភាគ​ឦសាន និង​បាន​ហោះ​ឆ្លងកាត់​ពីលើ​ប្រទេស​ជប៉ុន មុននឹង​ធ្លាក់​ចូលទៅក្នុង​ភាគខាងត្បូង​មហាសាគរ​ប៉ាស៊ីហ្វិក ដោយ​រត់​បាន​ចម្ងាយ​ជាង ២,៧០០​គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់​អតិបរមា​ប្រមាណ​៥៥០​គីឡូម៉ែត្រ​។
​ជាមួយគ្នានេះ​រដ្ឋាភិបាល​ជប៉ុន​បាន​ឲ្យ​ដឹងថា មី​ស៊ី​ល​កូរ៉េខាងជើង​បាន​ហោះ​ឆ្លងកាត់​ពីលើ​តំបន់ភ្នំ ខេ​ប អ៊ី​រី​ម៉ូ (Cape Erimo) ដែល​ស្ថិតនៅ​ខាងចុង​កោះ​ហុក​កៃ​ដូ (Hokkaido) ភាគ​ខាងជើង​ប្រទេស​ជប៉ុន ហើយ​ធ្លាក់​ចូលទៅក្នុង​ដែនទឹក​ចម្ងាយ ១,១៨០​គីឡូម៉ែត្រ​ពី​ទីនោះ​៕