សង្គម​ស៊ីវិល​នាំគ្នា​ពិគ្រោះ​យោបល់​លើ​គោលដៅ​អភិវឌ្ឍន៍​របស់​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2017

​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៧​នេះ ក្រសួងផែនការ នឹង​អនុម័ត​លើ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ហៅ​កាត់​ថា​(SDGs)​ទៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ហៅ​កាត់​ថា (CSDGs) ដែល​នឹង​ចាប់ផ្តើម​អនុវត្តន៍​គោលដៅ​អភិវឌ្ឍន៍​ទាំងនេះ​ពី​ឆ្នាំនេះ​តទៅ ដើម្បី​ធានាបាន​ថា ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព ក្នុងប្រទេស​កម្ពុ​ជាមាន​និរន្តរភាព​។​
​ស្របពេល​គ្នា​នេះ អង្គការ​សីល​ការ អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា និង​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា នៅ​ថ្ងៃទី​២៩​ខែសីហា​នេះ បានរៀបចំ​កិច្ច​ពិគ្រោះ​យោបល់ ស្តីពី ទស្សនៈវិស័យ​របស់​អង្គការ​សង្ក​ម​ស៊ីវិល ទៅលើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ដោយ​ផ្តោតលើ​ការបង្ហាញ​ពី​បច្ចុប្បន្ន​កម្ម​លើ SDGs និង CSDGs ដោយ​ធ្វើការ​ពន្យល់​ពី​យន្តការ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​ស្រាប់​ក្នុងការ​ផ្សារភ្ជាប់​រវាង គោលដៅ​អភិវឌ្ឍ​និង​ការបញ្ជ្រាប​ចំណេះដឹង​យេនឌ័រ​ទៅក្នុង​អន្តរ​វិស័យ​របស់​អង្គការ​សង្គម​ស៊ីវិល​។​
​លោក តឹក វណ្ណ​រ៉ា នាយក​ប្រ​តិ្ត​ប​តិ្ត​នៃ​វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បាន​លើកឡើងថា ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាការ​អភិវឌ្ឍ​មួយ​ដែល​បំពេញ​នូវ​តម្រូវការ​របស់​ម​នុស្ស​នាពេល​បច្ចុប្បន្ន​ហើយ​មិន​ធ្វើអោយប៉ះពាល់​ដល់​លទ្ធភាព​ប្រើប្រាស់​អ្នកជំនាន់ក្រោយ​។ ដូច្នេះ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់​ព​ន្ធ័ ទាំង​រដ្ឋាភិបាល វិស័យ​ឯកជន និង អង្គការ​សង្គម​ស៊ីវិល​គឺជា​រឿង​សំខាន់​មួយ ដើម្បី​ធ្វើឱ្យ​ប្រទេស​មានការ​រីកចម្រើន​។​
​នាយក​ប្រតិបត្តិ​រូបនេះ​បន្តថា គោលដៅ​អភិវឌ្ឍ​ន៏​ដែល​ប្រកបទៅដោយ​និរន្តរភាព​ឬ​គោលដៅ​ជាស​កល​គឺជា​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបទៅដោយ​និរន្តរភាព​ដែល​បានអនុម័ត​ដោយ​មេដឹកនាំ​ពិភពលោក​នៅ​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​កន្លង​ទៅនោះ​។ ក្នុង​រយៈពេល​១៥​ឆ្នាំ​បន្ទាប់ គោលដៅ​ថ្មី​ទាំងនេះ ដែល​អនុវត្ត​ចំពោះ​ប្រទេស​ទាំងអស់​នៅលើ​សកលលោក នឹង​ខំប្រឹងប្រែង​បញ្ចប់​គ្រប់​ទម្រង់​នៃ​ភាពក្រីក្រ ការប្រយុទ្ធ​ប្រឆាំងនឹង​វិសមភាព និង​ការដោះស្រាយ​បញ្ហា​អាកាសធាតុ​ជាដើម​។​
​លោក​បញ្ជាក់ថា គោលដៅ​អភិវឌ្ឍ​ន៏​ដែល​ប្រកបទៅដោយ​និរន្តរភាព​ដាក់ចេញ​ជា​១៧ គោលដៅ​ដើម្បី​សម្រាប់​ការអនុវត្ត​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០៣០ ដែល​គោលដៅ​ទាំងនោះ​នឹង​បញ្ចប់​ភាពក្រីក្រ​គ្រប់​ទម្រង់ បញ្ចប់​ភាព​ស្រេកឃ្លាន សម្រេច​សន្តិសុខ​ស្បៀង ធ្វើ​ឲ្យ​ប្រសើរ​នូវ​ចំណីអាហារ លើកកម្ពស់​វិស័យ​កសិកម្ម​លើកកម្ពស់​សុខភាព​ប្រព័ន្ធ​អប់រំ​ធ្វើ​ឲ្យ​សម្រេច​នូវ​សមភាព​យេនឌ័រ លើកកម្ពស់​កំណើនសេដ្ឋកិច្ច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ លើកកម្ពស់​ឧស្សា​ហូប​នី​កម្ម និង​គាំទ្រ​ការច្នៃប្រឌិត​ជាដើម​។​
​លោកស្រី ធីតា ឃឹះ នាយិការ​អង្គការ សីល​ការ បាន​លើកឡើងថា បញ្ហា​យេនឌ័រ បាន​ធ្លាក់ចូល​ទៅគ្រប់​គោលដៅ ពិសេស ភាពក្រីក្រ​។ យ៉ាងណា​លោកស្រី​មើលឃើញថា ការយល់ដឹង​នៃ​ការធ្វើ​សុ​ច្ចនាករ និង​ការធ្វើឱ្យ​សុ​ច្ចនាករ​មាន​ទិសដៅ​និ​មួយៗ នៅមាន​ភាពរអាករអួល​ច្រើន សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ធ្វើឱ្យ​ផែនការ​ដាក់ចេញ​មានការ​យឺតយ៉ាវ ធ្វើឱ្យ​សង្គម​ស៊ីវិល​មានការ​ព្រួយបារម្ភ និង​ទាមទារ​ឱ្យមាន​ការចូលរួម​ពិភាក្សាគ្នា​ឱ្យបាន​គ្រប់ភាគី​។ ប៉ុន្តែ​សង្គម​ស៊ីវិល​បាន​មើលឃើញថា រដ្ឋាភិបាល បាននិងកំពុង​ប្តេជ្ញាចិត្ត ក្នុងការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​យ៉ាង​យកចិត្តទុកដាក់ ដើម្បីឱ្យ​សម្រេចបាន​តាម​ផែនការ របស់​អង្គការសហប្រជាជាតិ សម្រាប់​ឆ្នាំ​២០៣០៕