កងទ័ព​អ៊ីរ៉ាក់​វាយ​រំដោះ​ក្រុង Tal Afar និង​ខេត្ត Nineveh ទាំងមូល​ចេញពី​ដៃ​ក្រុម ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2017 ក+ ក-

​បា​ដា​ដ ៖ សារព័ត៌មាន​រុស្ស៊ី Sputnik បានចេញ​ផ្សាយ​ថា ទីក្រុង Tal Afar និង​ដែនដី​ទាំងមូល​នៃ​ខេត្ត Nineveh ត្រូវបាន​កងទ័ព​អ៊ីរ៉ាក់​បាន​វាយ​រំដោះ​ទាំងស្រុង​ចេញពី​កណ្តាប់ដៃ​ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម ISIS ហើយ ហើយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider Abadi កាលពី​ម្សិលមិញ​ក៏បាន​ប្រកាស​ពី​ជោគជ័យ​ដ៏​ធំធេង​នេះ​ផង​។
​ក្នុង​សេចក្តីរាយការណ៍ លោក Haider Abadi បាន​បញ្ជាក់ថា ក្រុង Tal Afar ជាទី​ក្រុង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ស្ថិតនៅ​ភាគ​ពាយ័ព្យ​ប្រទេស​អ៊ីរ៉ាក់​ក្បែរ​ព្រំដែន​ជាមួយ​ស៊ី​រី​នោះ ត្រូវ​វាយ​រំដោះ​បាន​ទាំងស្រុង​ហើយ បន្ទាប់ពី​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ក្រុម ISIS អស់​រយៈពេល​ប្រមាណ​០៣​ឆ្នាំ និង​ក្រោយពី​កងកម្លាំង​ប៉ូលិស​សហព័ន្ធ​អ៊ីរ៉ាក់ បានប្រកាស​ពី​ការបិទ​បញ្ចប់​ប្រតិបត្តិការ​យោធា ដើម្បី​រំដោះ​ទីក្រុង​នេះ កាលពី​ថ្ងៃទី​២៦ ខែសីហា​នេះ​។​
​យុទ្ធនាការ​របស់​រដ្ឋា​ភិ​បាល​អ៊ីរ៉ាក់ ដើម្បី​ដណ្តើម​កាន់កាប់​ទីក្រុង​ខាងលើ​យកមក​វិញ ត្រូវបាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​នេះ ជាមួយ​ការចូលរួម​ពី​កងទ័ព​អ៊ីរ៉ាក់ និង​ក្រុម​អ្នក​ប្រយុទ្ធ PMU សរុប​ប្រហែល​៤០,០០០​នាក់​។ ទីក្រុង Tal Afar គឺជា​ទីជម្រក​របស់​ប្រជាជន​អ៊ីរ៉ាក់​ចំនួន​៧៥០,០០០​នាក់ មុន​ត្រូវបាន​ក្រុម​ភេរ​វករ ISIS ចូលទៅ​កាន់កាប់​កាលពី​ឆ្នាំ​២០១៤៕