គ​.​ជ​.​ប ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ថ្ងៃទី​០១ ខែកញ្ញា​នេះ ជា​ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ ជូន​ប្រជាពលរដ្ឋ​កម្ពុជា នៅតាម​ការិយាល័យ​បោះឆ្នោត​គ្រប់​ឃុំ​-​សង្កាត់​ទាំងអស់ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​។​
​តាម គ​.​ជ​.​ប បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ចំនួន​សរុប ១៥,៨៨៣,២៥០​នាក់ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ពោលគឺ​គ្រប់​អាយុ​បោះឆ្នោត​តំណាងរាស្ត្រ ឆ្នាំ​២០១៨ (​គិតដល់​ថ្ងៃ​បោះឆ្នោត​) មាន​ចំនួន ៩,៧៨៨,២៣៩​នាក់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​បាន ចុះឈ្មោះ​បោះឆ្នោត កាលពី​ឆ្នាំ​២០១៦ មាន​ចំនួន ៧,៨៦៥,០៣៣​នាក់ ខណៈ​ប្រជាពលរដ្ឋ​ដែល ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧​នេះ មាន​ចំនួន ១,៤១២,១៤៩​នាក់​។ នេះ​ជា​ចំនួន​ប៉ាន់ស្មាន​។ ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ គឺ​ដើម្បី​យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ នៅពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។​
​គួរ​បញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅតាម​ការិយាល័យ​បោះឆ្នោត​គ្រប់​ឃុំ​-​សង្កាត់​ទាំងអស់ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​៕