រណ្តៅ​រ៉ែ​មាស​នៅ​ស្រុក​សំបូរ បន្ត​ឆក់យក​ជីវិត​មនុស្ស​៣​នាក់​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2017 ក+ ក-

​ក្រចេះ ៖ មាន​មនុស្ស​៣​នាក់​ទៀតហើយ ត្រូវបាន​ស្លាប់​ក្នុង​រណ្តៅ​រ៉ែ​ដោយសារ តែ​បាក់​ដី​សង្កត់ នៅ​តំបន់​រ៉ែ​អនាធិបតេយ្យ​នៅ​ស្រុក​សំបូរ ក្រោយពី​ក្រុម​ជនរងគ្រោះ បាន​ព្យាយាម ចុះទៅ ក្នុង​រណ្តៅ​រ៉ែ​ដើម្បី​ជីកដី​និង​ពិនិត្យមើល​រ៉ែ ក្នុង​រណ្តៅ​ដែលមាន​ជម្រៅ​ជ្រៅ​។ ហើយ​រហូតមកទល់ និង រសៀល​ថ្ងៃទី​១ កញ្ញា អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ កំពុងតែ​ព្យាយាម​រុករក​សាកសព របស់​ជនរងគ្រោះ ទាំង​៣​នាក់ ដែល​សមត្ថកិច្ច​បានកំណត់​ថា ពួកគេ​ពិតជា​ត្រូវស្លាប់​ក្នុង​រណ្តៅ​រ៉ែ​ជម្រៅ​ជាង​២០​មែត្រ ដោយ សារ​បាក់​ដី​សង្កត់​លើ មាន​រយៈពេល ១​ថ្ងៃមួយ​យប់​ទៅហើយនោះ​។​
​បើតាម​ការបញ្ជាក់​ពី​នគរបាល​ស្រុក​សំបូរ​បានឱ្យដឹងថា ហេតុ​ការបាក់​ដី​រណ្តៅ រ៉ែ​មាស ដែលមាន​ជម្រៅ​រហូត​ទៅដល់​ជាង​២០​ម៉ែត្រ សង្កត់​មនុស្ស​បីនាក់​ស្លាប់​នេះ គឺ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​៣១ សីហា ជនរងគ្រោះ​៣​នាក់ មាន​១.​ឈ្មោះ នួន ចាន់​រ៉ា អាយុ​៥០​ឆ្នាំ ជា​ថៅកែ ទី​២ . ឈ្មោះ រាជ សា​កា អាយុ​២១​ឆ្នាំ ជនរងគ្រោះ​ទាំងពីរ​នាក់ មាន​ទីលំនៅ​ភូមិ​តា​កុ​ត​ឃុំ​សំបុក​ស្រុក​ចិត្រ​បុរី និង​ទី​៣ ឈ្មោះ ជិន ធារ៉ា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ស្វាយ ឃុំ​ដារ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​
​កាលពី​ល្ងាច​ថ្ងៃកើតហេតុ ក្រុម​ជនរងគ្រោះ​ទាំងបី​នាក់ បាន​ចុះទៅ​ក្នុង​រណ្តៅ រ៉ែ ដើម្បី ពិនិត្យមើល​រ៉ែ ខណៈដែល​ម្ចាស់​រណ្តៅ​មិន​នៅ ដើម្បី​ពិនិត្យ​មើ​ស្ថានភាព​រ៉ែ មុន​និង​ធ្វើការ​វិនិយោគ​រកស៊ី​ជាមួយនិង​ម្ចាស់​រណ្តៅ​។ ហើយ​ពេល​ចូលទៅ​ដល់​អាច​និង​ជួប​ហេតុការណ៍​បាក់​ដី​រ៉ែ​សង្កត់ពីលើ​បិទ​រុន​រណ្តៅ​រ៉ែ ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ​ទាំងបី​អាច​ស្លាប់​នៅក្នុង​បាត​រណ្តៅ​មាន​ជម្រៅ​ជាង​២០​ម៉ែត្រ​។
​រណ្តៅ​រ៉ែ​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​សាជាថ្មី​ទៀត​នេះ គឺ​ស្ថិតក្នុង​តំបន់​រ៉ែ​អ​នា​ធិ​បេ​ត្យ​នៅ​ចំនុច​អូរ ត្រូ​ន ក្នុងភូមិ​អូរ​ពោធិ៍ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ។ ដោយ​រណ្តៅ​រ៉ែ​មួយ​នេះ មាន​ទីតាំង​ចម្ងាយ​ជាង​២០​ម៉ែត្រ​ពីរ​ណ្តៅ​រ៉ែ​មួយកន្លែង​មុន ដែល​បាន​ឆក់យក​ជីវិត​បុរស​ម្នាក់​កាលពី​យប់​ថ្ងៃទី​២៧​ខែសីហា កន្លងទៅ​ថ្មីៗ នេះ ដោយ​កាលណោះ​មាន​បុរស​ជា​កម្មករ​ម្នាក់​ត្រូវបាន​ស្លាប់​ក្នុង​រណ្តៅ​រ៉ែ​ដោយសារ តែ​បាក់​ដី​សង្កត់​នៅពេលដែល​ជនរងគ្រោះ​ចូលទៅ​ជីកដី យក​អាចម៍ដី ។​
​បើតាម​ការឱ្យ​ដឹង ពី​លោក ណ​យ ស៊ី​ថាច អធិការរង​ស្រុក​សំបូរ បាន​និយាយថា ក្រោយពី​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា​នេះ​សមត្ថកិច្ច ក្រោម​ការដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញារង​ចំនួន ២​រូប​បាន​ចុះមក​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង នៅ​រណ្តៅ​រ៉ែ​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​សារជាថ្មី ចំនួន ៣​នាក់​។ ក្នុងនោះ​សមត្ថកិច្ច បានសម្រេច​បិទ​អាជីវកម្ម​រ៉ែ​ចំនួន​១១​កន្លែង ដែល​សុ​ទ្ឋ​សឹង ជា​រណ្តៅ រ៉េ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅក្នុង​តំបន់​អូរ​ត្រូ​ន​ភូមិ​អូរ​ពោធិ៍ ឃុំ​ក្បាលដំរី ស្រុក​សំបូរ​។ ហើយ​ក្នុងនោះ​គឺ សមត្ថកិច្ច​ពុំមាន​ការចាប់​ឃាត់ខ្លួន​ជនណាម្នាក់​ដែលជា​ម្ចាស់​ទីតាំង​រ៉ែ​អនាធិបតេយ្យ លួច​ធ្វើ​អាជីវកម្ម ខុសច្បាប់​បង្ក​ឲ្យ​មាន​មនុស្ស ស្លាប់​ដើម្បី​មាន​ចំណាត់ការ​តាមច្បាប់​នោះទេ​។​ការជីក​យក​រ៉ែ​មាស នៅ​តំបន់ រ៉ែ​អ​នា​ធិ​ប្ប​ត្យេ​នៅ​ចំនុច​អូរ​ត្រូ​ន ភូមិ​អូរ​ពោធិ៍ ក្នុង​ឃុំ ក្បាលដំរី ស្រុក​សំបូរ របស់​ពលរដ្ឋ​ក្នុង​តំបន់​ក៏​ដូច ជា អ្នក​មកពី​ស្រុក​ខាងក្រៅ​តំបន់ គឺ​នៅតែ មាន​សកម្មភាព​បន្តធ្វើ​ឡើង​យ៉ាង អនាធិបតេយ្យ​។ ដោយ​តំបន់ រ៉ែ​អនាធិបតេយ្យ​នេះ ត្រូវបាន គេ​ដឹងថា បានកើត​មាន​ជា​យូរ​មកហើយ តែ​មិនមាន​ការទប់ស្កាត់​ពី​អាជ្ញាធរ នៅឡើយ​ទេ​។​
​សេចក្តីរ​យា​ការណ៍​ឲ្យ​ដឹងថា មាន​មនុស្ស​ជាច្រើន​នាក់​ហើយ ដែល​ត្រូវបាន ស្លាប់ បាត់ បង់ជីវិត ដោយសារ​ការបាក់​ដីស​ង្ក​ត់​នៅពេលដែល​ពួកគេ​ចុះទៅ​ជីកដី​រ៉ែ ក្នុង​រណ្តៅ​រ៉ែ ដែលមាន ជម្រៅ​ជ្រៅ​ទាំង​សភាព​ប្រថុយប្រថាន​។ ការស្លាប់​របស់​ជនរ​ង​គ្រោះ​ដែល​សុ​ទ្ឋ សឹង​ជា​កម្មករ​ខ្មែរ​ទាំងនោះ នៅក្នុង​រណ្តៅ​រ៉ែ គឺ​បាន​កើតឡើង​បន្ទាប់​ពួកគេ​ជួប​ហេតុការណ៍ ផ្សេងៗ​គ្នា​ដូចជា​ពុល​ផ្សែង និង​បាក់​រ៉ែ សង្កត់ និង​ដាច់​ឧកស៊ីហ្សែន​ជាដើម​។
​សព្វថ្ងៃ សកម្មភាព​ជីកដី​រ៉ែ និង​ការទិញ​និង​ដោះដូរ​រណ្តៅ​រ៉ែ កំពុងតែ​កើតមាន​យ៉ាង​ពេញ បន្ទុក​ពី ឈ្មួញ​រ៉ែ​ធំៗ ដោយ​ប្រើ​កម្លាំង​កម្មករ​ឲ្យ​ចូល​ជីក​ដោយ ដៃ ទាំង​សភាព​ប្រថុយប្រថាន ជាង​នោះ​ទៅទៀត ក៏មាន​ការ​លួច​ប្រើ​គ្រឿង​បំផ្ទុះ​មិនមាន បច្ចេកទេស ត្រឹមត្រូវ និង​មិន​ទទួលខុសត្រូវ​ផងដែរ​៕