សភាពាណិជ្ជកម្ម​កម្ពុជា និងក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ប្រជុំ​ពី​វិស័យ​ជន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 September, 2017

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ ២០១៧​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា​ដើម្បី​បង្កើន ទំនាក់ទំនង​ជាមួយគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង​វិស័យ​ឯកជន តាម រយៈ​ការផ្លាស់ប្តូរ​ព័​ត៍​មាន​គ្នា​ទៅវិញទៅមក ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​ស្តីពី​គោលនយោបាយ គាំទ្រ​នានា​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដើម្បី​អភិវឌ្ឍ​វិស័យ​ឯកជន សំដៅ​ផ្តល់នូវ​ទំនុក ចិត្ត​បន្ថែមទៀត​ដល់​ផ្នែក​ឯកជន​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​។​​

រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា លោក សុខ ចិន្តា​សោភា មានប្រសាសន៍ថា ជំនួប​ថ្ងៃនេះ ធ្វើឡើង​បន្ទាប់ពី​ការធ្វើ​បច្ចុប្បន្នភាព​លើ ប្រធានបទ​មួយចំនួន​ដែល​វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​រួមមាន​៖ (១).​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​,(២).​គោលនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្ត សំខាន់ៗ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ចាប់តាំងពី​ឆ្នាំ​២០១៤ រហូតដល់​បច្ចុប្បន្ន​,(៣).​តួ លេខ​ចម្បង និង​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ធុរកិច្ច និង​ការវិនិយោគ​នៅ​កម្ពុជា និង​(៤).​វឌ្ឍនភាព​នៃ ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​។

លោក សុខ ចិន្តា​សោភា បាន​ទទួលស្គាល់ថា រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​គឺជា​ដៃគូ​ដ៏​ចាំបាច់ និង​មិន អាច​ខ្វះ​បាន​ដែល​ត្រូវបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ក្នុងការ​រួមចំណែក​ដ​ល់​ការជំរុញ​សេដ្ឋកិច្ច ជាតិ​ឲ្យ​កាន់តែ​លួត​លាស់​បន្ថែមទៀត​។ លោក​ថា ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា នៅតែ​បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុងការ​សម្របសម្រួល​ធ្វើយ៉ាងណា​ឲ្យ​បរិយាកាស​វិនិយោគ​នៅ កម្ពុជា​កាន់តែ​មាន​ភាព​អំណោយផល ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ក្នុង និង​ក្រៅប្រទេស​ធ្វើការ​បណ្តាក់ទុន​ឲ្យ​កាន់តែ​ច្រើនឡើង​។​

​ ​ដោយឡែក​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​អ្នកឧកញ៉ា គិត ម៉េង បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការចូលរួមចំណែក​រប​ស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ក្នុងតួនាទី​ជា​អ្នកសម្របសម្រួល ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ឯកជន តាមរយៈ​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន ដែល​បាន​ធ្វើឡើង​ចំនួន​១៧​ដង​រួចមកហើយ​ចាប់ពី​ឆ្នាំ​១៩៩៩ និង​តាមរយៈ​ភារកិច្ច របស់​ស្ថាប័ន​នេះ​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ពិនិត្យ និង​សម្រេច​ការងារ នីតិសម្បទា និង​អភិវឌ្ឍន៍ និង​ការវិនិយោគ​នានា​ដែល​តម្រូវ​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ធ្វើការ ស្អិតល្មួត​ជាមួយ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​៕