កូរ៉េខាងជើង​ព្រមាន​ថា អាច​នឹងមាន​កញ្ចប់​កាដូ​ថ្មី​បន្ថែមទៀត​ផ្ញើ​ទៅ​ឲ្យ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2017

​ហ្សឺ​ណែវ ៖ មន្ត្រីការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់​បាន​ព្រមាន​ថា ប្រទេស​របស់លោក​បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​បញ្ជូន​កញ្ចប់​កាដូរ​បន្ថែមទៀត​ទៅកាន់​សហរដ្ឋអាមេរិក ខណៈ​មហាអំណាច​ផុត​លេខ​មួយ​នេះ កំពុង​ប្រមូលផ្ដុំ​កម្លាំង​ដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​បំផុត ប្រឆាំងនឹង​របប​ដឹកនាំ លោក គីម ជុង​អ៊ុន សម្រាប់​ការធ្វើ​តេស្ដ​បំផ្ទុះ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជា​លើក​ទី​០៦ កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ព្រឹក​នេះ​។​
​លោក ហាន តែ​សុង ឯកអគ្គរដ្ឋទូត​ប្រទេស​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​សបាន​បែបនេះ​នៅក្នុង​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ការរំសាយ​សព្វាវុធ​ក្រោយ​រយៈពេល​២​ថ្ងៃ​បន្ទាប់ពី​ប្រទេស​របស់លោក​បាន​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ដោយ​ជោគជ័យ​ថ្មីៗ​នេះ​។​
​លោក​បាន​ប្រាប់​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ថា លោក​មាន​មោទនភាព​ខ្លាំងណាស់​ដែលថា​កាលពី​២​ថ្ងៃមុន​ប្រទេស​របស់លោក​បានធ្វើការ​សាកល្បង​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សេ​ន​ដោយ​ជោគជ័យ​សម្រាប់​គ្រាប់​រ៉ុក្កែត​ឆ្លង​ទ្វីប​តាម​ផែនការ​សម្រាប់​បង្កើន​ក​ម្លាំ​ង​នុយក្លេអ៊ែរ​ជា​យុទ្ធសាស្ត្រ​របស់​ប្រទេស​លោក​។ លោក ហាន បាន​បញ្ជាក់ថា វិធានការ​ការពារ​ខ្លួន​របស់​ប្រទេស​កូរ៉េខាងជើង​នៅពេល​ថ្មីៗ​នេះ​គឺជា​កញ្ចប់​អំណោយ ឬ​កាដូ​មួយ​ដែល​ត្រូវ​ផ្ញើ​ទៅ​ឲ្យ​គ្មាន​អ្នកណា​ផ្សេង​ក្រៅតែពី​សហរដ្ឋអាមេរិក​នោះទេ​។​
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក រ៉ូ​ប៊ឺ​ត វូដ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ផ្នែក​រំសាយ​អាវុធ​បាន​និយាយថា ប្រទេស​កូរ៉េខាងជើង​បាន​ប្រឆាំងនឹង​សហគមន៍​អន្តរជាតិ​ម្ដង​ហើយ​ម្ដងទៀត​ជាមួយនឹង​ការសាកល្បង​សព្វាវុធ​ផ្សេងៗ ហើយ​ថា ការបង្ក​ហេតុ​របស់​ប្រទេស​កូរ៉េខាងជើង​នេះ​នឹង​លែង​អនុគ្រោះ​ទៀតហើយ​។​
​ចំណែក​ប្រេសិត​ប្រទេស​កូរ៉េខាងត្បូង​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​និយាយថា ពួកគេ​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ការទូត​ទាំងអស់​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​ឯកោ​ទាំងស្រុង និង​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​នេះ​ឲ្យ​បោះបង់ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN លោកស្រី នី​ក​គី ហា​ឡេ​យ បាន​ចោទប្រកាន់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន កំពុង​ចង់​ធ្វើសង្គ្រាម​ជាមួយ​ការធ្វើ​តេស្ដ​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​ជា​បន្តបន្ទាប់ ព្រមទាំង​បាន​បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្ម​ឱ្យបាន​ខ្លាំងក្លា​បំផុត ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​ផងដែរ​៕