កូរ៉េខាងត្បូង​ដាក់ពង្រាយ​រថយន្ដ​បាញ់​មី​ស៊ី​ល THAAD បន្ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2017

សេ​អ៊ូ​ល ៖ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​និយាយថា រថយន្ដ​បាញ់​មី​ស៊ី​ល​នៃ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល THAAD ចំនួន​បួន​គ្រឿង​បន្ថែមទៀត​នឹងត្រូវ​បានដាក់​ពង្រាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅឯ​មូលដ្ឋាន​អាមេរិក​នៃ​តំបន់​សឹង​ជូ ស្ថិតក្នុង​ខេត្ត​ជី​យ៉ុង​សាង​ខាងជើង​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​។​
​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បញ្ជាក់ថា ការដាក់​ពង្រាយ​រថយន្ដ​បាញ់​មី​ស៊ី​ល THAAD គឺជា​រឿង​បន្ទាន់​ត្រូវតែ​ធ្វើ​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​ហែង​ផ្នែក​សន្តិសុខ ជាយថាហេតុ​ណាមួយ ពី​សំណាក់​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង ដែល​ទើបតែ​បាន​បំផ្ទុះ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជា​លើក​ទី​០៦ កាលពី​ថ្ងៃអាទិត្យ ធ្វើឱ្យរញ្ជួយ​ដល់​សហគមន៍​អន្តរជាតិ​។​
​លោក​បន្ថែមថា នៅពេលដែល​រថយន្ដ​បាញ់​មី​ស៊ី​ល​ទាំង​បួន​នេះ ត្រូវបាន​ដាក់ពង្រាយ​រួចរាល់ នោះ​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​នឹងត្រូវ​បំពាក់​ទាំងស្រុង ក្នុងនោះ​រួមមាន​រថយន្ដ​បាញ់​មី​ស៊ី​ល​ចំនួន​០៦ គ្រឿង ប្រព័ន្ធ​ស្ទាក់ចាប់​មី​ស៊ី​ល​៤៨ អង្គភាព​គ្រប់គ្រង​ការបាញ់​មី​ស៊ី​ល និង​ប្រព័ន្ធ​ទំនាក់ទំនង រួមទាំង​រ៉ា​ដា AN/TPY-2 ផងដែរ​។ ទោះបីយ៉ាងណា​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង មិនទាន់បាន​បញ្ជាក់​ពី​កាល​បរិ​ច្ឆេ​ក​ជាក់លាក់​ក្នុងការ​ប្រតិបត្តិការ​នៅឡើយ​ទេ​៕