មនុស្ស​ស្លាប់​៣២​នាក់ ក្នុង​គ្រោះ​រញ្ជួយ​ដី​៨​រ៉ិ​ច​ទ័​រ​នៅ​ភាគខាងត្បូង​ម៉ិចស៊ីកូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2017

​ម៉ិចស៊ីកូ ៖ សារព័ត៌មាន​រុស្ស៊ី Russia Today (RT) ចេញផ្សាយ​ថា គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​បាន​អង្រួន​ឆ្នេរ​ភាគខាងត្បូង ប្រទេស​ម៉ិចស៊ីកូ ដោយបាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៣២​នាក់​។
​បើតាម​អាជ្ញាធរ​ម៉ិចស៊ីកូ​និយាយថា មនុស្ស​២៣​នាក់ ក្នុងចំណោម​អ្នក​ដែល​បាន​បាត់បង់​ជីវិត គឺ​ស្ថិតក្នុង​រដ្ឋ Oaxaca ខណៈ​០៧​នាក់​បាន​ស្លាប់​នៅក្នុង​រដ្ឋ Chiapas ជាទី​ដែល​រដ្ឋាភិបាល​ម៉ិចស៊ីកូ បានប្រកាស​ដាក់​ឲ្យ​ស្ថិតក្រោម​ភាពអាសន្ន​។ ស្របពេល​ជាមួយគ្នា គ្រោះ​រញ្ជួយ​ផែនដី​នេះ បាន​ផ្តាច់​អាយុជីវិត កុមារា​ចំនួន​០២​នាក់​ផ្សេងទៀត ក្នុង​រដ្ឋ Tabasco ដែល​នៅក្បែរនោះ ដោយ​ម្នាក់​ត្រូវបាន​ជញ្ជាំង​អគារ​រលំ​លើ និង​ម្នាក់ទៀត​គឺជា​ទារក ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ដង្ហើម បាន​ស្លាប់ បន្ទាប់ពី​មន្ទីរពេទ្យ​របស់គេ ដាច់​ភ្លើង​ដោយសារ​ឥទ្ធិពល​រញ្ជួយ​ដី​។​
​បើតាម​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្ត្រ​អាមេរិក (USGS) វា​មាន​កម្រិត​៨.១​រ៉ិ​ច​ទ័​រ និង​មាន​ជម្រៅ​៣៣​គីឡូម៉ែត្រ​ក្រោម​ផ្ទៃសមុទ្រ នៅ​ចម្ងាយ​១២៣​គីឡូម៉ែត្រ​ភាគ​និរតី ពី​ទីក្រុង Pijijiapan នៃ​រដ្ឋ Chiapas៕