​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ម៉ិចស៊ីកូ​កើន​ដល់​៦១​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2017

​ម៉ិចស៊ីកូ ៖ សារព័ត៌មាន ABC News ចេញផ្សាយ​នៅ​ព្រឹក​នេះ​ថា ចំនួន​អ្នកស្លាប់​បាន​កើន​ដល់​៦១​នាក់​ហើយ ខណៈ​ប្រធានាធិបតី​ម៉ិចស៊ីកូ​សម្រេច​ប្រកាស​យក​ពេល​០៣​ថ្ងៃ​ដើម្បី​ធ្វើការ​កាន់ទុក្ខ​ដល់​ជនរងគ្រោះ​ទូទាំងប្រទេស ក្រោយ​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​បាន​អង្រួន​កក្រើក​បណ្តោយ​ឆ្នេរ​ភាគខាងត្បូង ប្រទេស​ម៉ិចស៊ីកូ​កាលពី​ម្សិលមិញ​។
​ប្រធានាធិបតី​ម៉ិចស៊ីកូ​លោក Enrique Pena Nieto បាន​ថ្លែង​ឲ្យ​ដឹងថា មនុស្ស​ចំនួន​៦១​បាន​បាត់​បង់ជីវិត ដោយ​៤៥​នាក់​នៅ​រដ្ឋ Oaxaca, ១២​នាក់​នៅ​រដ្ឋ Chiapas, និង​០៤​នាក់​នៅ​រដ្ឋ Tabasco ហើយ​លោក បានសម្រេច​ប្រកាស​យក​ពេល​០៣​ថ្ងៃ ដើម្បី​ធ្វើការ​កាន់ទុក្ខ​ដល់​ជនរងគ្រោះ​ទូទាំងប្រទេស​។ ក្រៅពី​មាន​មនុស្ស​ស្លាប់ គ្រោះ​រញ្ជួយ​ដី​ខាងលើ ថែមទាំង​បាន​ដួលរលំ​អគារ​ជាង​៤០០​ខ្នង និង​ប្រមាណ​១,៧០០​ខ្នង​ទៀត​បាន​ទទួលរង​ការខូចខាត​ផងដែរ​។​
​បើតាម​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្ត្រ​អាមេរិក (USGS) វា​មាន​កម្រិត​៨.១​រ៉ិ​ច​ទ័​រ ខណៈ​លោក Enrique Pena Nieto បាន​អះអាងថា វា​មាន​កម្រិត​៨.២​រ៉ិ​ច​ទ័​រ គឺ​ខ្លាំងក្លា​ជាងគេ​បង្អស់​ប្រចាំ​ប្រវត្តិសាស្ត្រ​ម៉ិចស៊ីកូ ក្នុងអំឡុងពេល​មួយ​សតវត្សរ៍​កន្លងទៅ​នេះ ដោយមាន​ជម្រៅ​៣៣​គីឡូម៉ែត្រ​ក្រោម​ផ្ទៃសមុទ្រ នៅ​ចម្ងាយ​១២៣​គីឡូម៉ែត្រ​ភាគ​និរតី ពី​ទីក្រុង Pijijiapan នៃ​រដ្ឋ Chiapas៕