រញ្ជួយ​ដី​ដ៏​ខ្លាំង​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ិចស៊ីកូ​សម្លាប់​មនុស្ស​កើន​ដល់​៩០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2017

​ម៉ិចស៊ីកូ ៖ ចំនួន​មនុស្ស​សា្ល​ប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​កម្រិត​៨.១​រ៉ិ​ច​ទ័​រ ដែល​បាន​វាយប្រហារ​មកលើ​តំបន់ឆ្នេរ​ភាគខាងត្បូង នៃ​ប្រទេស​ម៉ិចស៊ីកូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅបាន​កើន​ដល់​៩០​នាក់​ហើយ ខណៈ​មនុស្ស​២០០​នាក់​បាន​រងរបួស និង​ជិត​មួយ​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​។ នេះ​បើ​យោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​យោងតាម​អាជ្ញាធរ​ម៉ិចស៊ីកូ គ្រាន់តែ​នៅក្នុង​រដ្ឋ Oaxaca តែមួយគត់​មាន​មនុស្ស​៧១​នាក់ បាន​ស្លាប់​និង​១៥​នាក់​នៅក្នុង​រដ្ឋ Chiapas រីឯ​០៤​នាក់​ផ្សេងទៀត​នៅឯ​រដ្ឋ Tabasco​។ ដោយឡែក​ក្រៅតែពី​បាន​ផ្ដាច់​យកអាយុ​ជីវិត​មនុស្ស គ្រោះ​រញ្ជួយ​ដី​ដ៏​ប្រល័យ​នេះ​ក៏បាន​បំផ្លាញ​ទាំងស្រុង អគារ​ជាង​៤០០​ខ្នង និង​ប្រមាណ​១,៧០០​ខ្នង​ទៀត​បាន​ទទួលរង​ការខូចខាត​ព្រមទាំង​ធ្វើឱ្យ​ប្រជា​ជាន​ជិត​មួយ​លាន​នាក់ គ្មាន​អគ្គិសនី​ប្រើប្រាស់​ផងដែរ​។​
​ជាមួយគ្នា​នោះដែរ​ប្រធានាធិបតី​ម៉ិចស៊ីកូ​លោក Enrique Pena Nieto បានប្រកាស​កាន់ទុក្ខរ​យៈ​ពេល​បី​ថ្ងៃ​នៅ​ទូទាំងប្រទេស ស្របពេល​ព្យុះ Hurricane Katia បាននិងកំពុង​វាយប្រហារ​លើ​តំបន់ឆ្នេរ​ភាគ​ខាងកើត​កាលពី​ថ្ងៃ​សៅរ៍ មុននឹង​វា​ប្រែក្លាយជា​ព្យុះ​ត្រូពិច​វិញ ក៏ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ព្រួយបារម្ភ​ថា ព្យុះ​មួយ​នេះ​អាច​នឹង​បង្ក​ជា​គ្រោះ​រអិល​បាក់​ដី​និង​ទឹកជំនន់​។​
បើតាម​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្ត្រ​អាមេរិក (USGS) វា​មាន​កម្រិត​៨.១​រ៉ិ​ច​ទ័​រ គឺ​ខ្លាំងក្លា​ជាងគេ​បង្អស់​ប្រចាំ​ប្រវត្តិសាស្ត្រ ម៉ិចស៊ីកូ ក្នុងអំឡុងពេល​មួយ​សតវត្សរ៍​កន្លងទៅ​នេះ ដោយ​កម្រិត​រញ្ជួយ​រប​ស់វា​ធំ​ជាង​គ្រោះ​រញ្ជួយ​ដីកា​លពី​ឆ្នាំ​១៩៨៥ ដែល​បាន​ឆក់យក​ជិវិត​មនុស្ស​យ៉ាងតិច​៥,០០០​នាក់​នៅតាម​បណ្តា​រដ្ឋ​ចំនួន​០៤​របស់​ម៉ិចស៊ីកូ​ទៅទៀត​។ គ្រោះ​រញ្ជួយ​ដី​នេះ​មាន​ជម្រៅ​៣៣​គីឡូម៉ែត្រ ក្រោម​ផ្ទៃសមុទ្រ​នៅ​ចម្ងាយ​១២៣​គីឡូម៉ែត្រ ភាគ​និរតី ពី​ទីក្រុង Pijijiapan នៃ​រដ្ឋ Chiapas ហើយ មកទល់ពេលនេះ ក្រុម​អ្នក​ជួយសង្គ្រោះ​នៅតែ បន្តការងារ​របស់​ពួកគេ​នៅឡើយ​៕