កូរ៉េខាងជើង​ ៖ ​អាមេរិក​នឹងទទួលរង​ការឈឺចាប់​មិន​ធ្លាប់​ជួប​ក្នុង​ប្រវត្តិសាស្ត្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2017

សេ​អ៊ូ​ល ៖ រដ្ឋមន្ត្រី​កូរ៉េខាងជើង​នៅ​ថ្ងៃ​ចន្ទ​នេះ​បានធ្វើការ​ព្រមាន​ថា វិធាន​ការលើក​ក្រោយ​របស់​កូរ៉េខាងជើង នឹងធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ទទួល​រង​ការឈឺចាប់ ដែល​មិន​ធា្ល​ប់​ជួប​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​បើសិនជា​នៅតែ​ចចេស​ជំរុញ​ឱ្យ​អង្គការសហប្រជាជាតិ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​របប​ដឹកនាំ លោក គីម ជុង​អ៊ុន សម្រាប់​ការធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​០៦​។ នេះ​បើ​យោង​សារព័ត៌មាន Channel News Asia​។​
​ការព្រមាន​របស់​ទីក្រុង​ព្យុងយ៉ាង​ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​បានស្នើ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឱ្យ​អនុម័ត​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​នៅ​ថ្ងៃ​ចន្ទ​នេះ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ជាការ​ឆ្លើយតប​ទៅនឹង​ការ​បំផ្ទុះ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​កូរ៉េខាងជើង កាលពី​ថ្ងៃទី​០៣ ខែកញ្ញា​។ ទន្ទឹម​នោះ​ជា​ឆ្លើយតប​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​បាន​អះអាងថា ប្រទេស​លោក​នឹង​សងសឹក​សហរដ្ឋអាមេរិក​វិញ បើសិនជា​ទណ្ឌកម្ម​ត្រូវបាន​អនុម័ត​មែន​នោះ​៕