សម្តេច ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​រឿង​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2017

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ សម្តេច ហ៊ុន សែន បាន​ព្រមាន​ជាថ្មី ទៀត ចំពោះ​ដំណើរ​ឆ្ពោះទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សម្តេច​អះអាងថា នៅ​កម្ពុ​ជាមាន​គណបក្សនយោបាយ​ច្រើនណាស់ ប្រសិនបើ​អត់​ពី​គណបក្សនយោបាយ​មួយ ក៏​នៅមាន​គណបក្ស​ជាច្រើន​ទៀត ចូលរួម​ការបោះឆ្នោត​បា​ន​ដែរ​។​
​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​ពេទ្យ​នៃ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នា​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា​នេះ មុនពេល​សម្តេច អញ្ជើញ​ទៅ​ប្រទេស​ចិន ។​
​សម្តេច ហ៊ុន សែន បាន​ថ្លែងថា អំពើ​ក្បត់ជាតិ មិនអាច​អត់ឱន​ឲ្យ​បាន​នោះទេ ហើយ សភា​បើក​ការប្រជុំ​នៅថ្ងៃនេះ​បើ​អំពើ​ក្បត់ជាតិ​នេះ ត្រូវបាន​សមគំនិត ដោយ​ក្របខណ្ឌ​បក្ស ទាំងមូល បក្ស​នោះ​ក៏​នឹងត្រូវ​ទទួលរង​នូវ​ការដាក់ពិន័យ ខាង​ផ្នែក​ច្បាប់ គឺ​រំលាយ​គណបក្ស នយោបាយ​ចោល​តែម្ដង មិន​អនុញ្ញាត​ឲ្យ​អំពើ​ក្បត់​ណាមួយ មក​បំផ្លាញ​ប្រទេស​របស់​យើង ដូច​កាលពី​ឆ្នាំ​១៩៧០​ទៀត​ទេ ។​
​សម្តេច​បញ្ជាក់​បន្ថែមថា វា​ជា​ភ​ព្វ​សំណាង​ណាស់ ដែល​កម្ពុជា​បាន​រកឃើញ​អំពើ​ក្បត់ របស់​ជន​ក្បត់ជាតិ ដែល​យើង​បាន​ចាប់ខ្លួន​រួចមកហើយ ប្រសិនបើ​បក្សនយោបាយ​មួយ​នេះ នៅតែ​បន្ត​រារាំង​ហើយ​ការពារ​ជន​ក្បត់ជាតិ នេះ​មានន័យថា បក្ស​មួយ​នេះ​គឺ​ក្បត់ជាតិ ហើយ​ដូច្នេះ គ្មាន​ពេលវេលា​ដើម្បី​នឹងត្រូវ​ទុក​បក្ស​នេះ​ក្នុង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា តទៅទៀត​ទេ ៕