មនុស្ស​១០​នាក់​ស្លាប់​ដោយសារ​ព្យុះ Hurricane Irma នៅ​គុយបា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2017 ក+ ក-

​ឡា​ហាវ៉ាន ៖ រដ្ឋាភិបាល​គុយបា​បាន​និយាយថា ​យ៉ាងហោចណាស់​មនុស្ស​ចំនួន​១០​នាក់​បាន​បាត់​បង់ជីវិត បន្ទាប់ពី​ព្យុះ Hurricane Irma បាន​វាយប្រហារ​លើ​តំបន់ឆ្នេរ​ភាគ​ខាងជើង​នៃ​ប្រទេស​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដែល​នេះ​បានធ្វើឱ្យ​ចំនួន​អ្នកស្លាប់​នៅក្នុង​តំបន់​សមុទ្រ​កា​រ៉ា​អ៊ី​ប​កើន​ដល់​៣៨​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​បើតាម National Hurricane Center បាន​និយាយថា ព្យុះ Hurricane Irma បាន​បក់បោក​ក្នុង​ល្បឿន​ខ្យល់​១១០​គីឡូម៉ែត្រ​នៅក្នុង​មួយ​ម៉ោង និង​វាយប្រហារ​លើ​តំបន់​ស្ថិតនៅ​ចំងាយ​៥៦​គីឡូម៉ែត្រ​ពី​ទីក្រុង Gainesville នៃ​រដ្ឋ​ផ្លូ​រី​ដា មុននឹង​វា​បន្ត​ធ្វើដំណើរ​ទៅកាន់​តំបន់ Gulf Coast​។ ព្យុះ Hurricane Irma ដែល​បាន​ប្រែក្លាយជា​ព្យុះ​ត្រូពិច បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ជាច្រើន​នៃ​ភាគ​ខាងជើង​រដ្ឋ​ផ្លូ​រី​ដា របស់​សហរដ្ឋអាមេរិក ដោយ​វា​បាន​បង្ក​ជា​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ក៏ដូចជា​ធ្វើឱ្យ​ប្រជាជន​រាប់លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ ព្រមទាំង​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ផ្ទះសម្បែង​ទៅកាន់​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន​រៀប ចំ​ឡើង​ដោយ​អាជ្ញាធរ​៕