មហាអំណាច​ចិន​ប្រកាស​ជួយ​កម្ពុជា​ពេញទំហឹង​មិន​ឲ្យ​មានបដិវត្តន៍​ពណ៌​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2017

​ខេត្ត​ក្វាង​ស៊ី ៖ លោក Zhang Gaoli ឧបនាយករដ្ឋមន្ត្រី​ចិន បានប្រកាស​ពេញទំហឹង ដើម្បី​ជួយ​ប្រទេស​កម្ពុជា មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើតឡើង​នៅ​កម្ពុជា​ដាច់ខាត ព្រោះ​បដិវត្តន៍​ពណ៌​វា​នឹង​នាំ​ឲ្យ​ប្រទេសមួយ​នេះ​រង​ការ​ហិនហោច ។​
​ការប្រកាស​របស់លោក​ឧបនាយករដ្ឋមន្ត្រី Zhang Gaoli បាន​ធ្វើឡើង​នៅក្នុងពេល​ជួបពិភាក្សា និង​សំណេះសំណាល​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ទី​ដែល​សម្តេច​តេ​ជោ អញ្ជើញ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​។​
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ក្នុងស្រុក FN បាន​ឲ្យ​ដឹងថា ក្នុងជំនួប​សំណេះសំណាល​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក Zhang Gaoli បាន​ពិភាក្សាគ្នា​ជាច្រើន​ទៅលើ​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ នានា​ទាំង​ក្រុម​ខណ្ឌ​ទ្វេភាគី​កម្ពុជា​-​ចិន និង​ក្នុង​ក្របខណ្ឌ​ចិន​-​អាស៊ាន​។ លោក Zhang Gaoli ក៏បាន​ប្រកាស​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​មេដឹកនាំ​ប្រទេស​កម្ពុជា ដែល​បានធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន​។​
​ក្រៅពី​សន្យា​ជួយ​ទប់ស្កាត់​មិន​ឲ្យ​មាន​បដិវត្តន៍​ព័រ​ណ៍​នៅ​កម្ពុជា​ហើយ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ចិន ក៏បាន​សន្យា​ផ្តល់ជំនួយ​សម្រាប់​ដំណើរការ បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ និង​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​
​លោក Zhang Gaoli ក៏បាន​ប្រកាស​ផ្តល់ជំនួយ​សព​បែបយ៉ាង​ទាំងអស់​តាម​សំណើ​របស់​កម្ពុជា សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ដែលជា​បងប្អូន​ដ៏​ស្និទ្ធស្នាល​មួយ​នេះ ៕