ផ្នែក​មួយចំនួន​នៃ​ទីក្រុង​ម៉ានីល​រង​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2017

​ហ្វីលីពីន ៖ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​នៅក្នុង​ផ្នែក​មួយចំនួន​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន និង​បណ្តា​ខេត្ត​ដែល​នៅក្បែរៗ​នោះ​ដោយ​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ហើយ​ផ្សារ​ហិរញ្ញវត្ថុ​, ការិយាល័យ​រដ្ឋាភិបាល និង​សាលារៀន​ជាច្រើន​កន្លែង​ត្រូវបាន​បិទទ្វារ ខណៈដែល​ព្យុះ​បាន​វាយប្រហារ​នៅ​ទូទាំង​កោះ​លូ​ហ្សុ​ន​។​
​ការិយាល័យ​អាកាសធាតុ​របស់​ប្រទេស​ហ្វីលីពីន​បាន​ព្រមាន​ពីស​ញ្ញា​ខ្យល់ព្យុះ​ដែល​កើតឡើង​ទៅលើ​ទីក្រុង​ម៉ានីល និង​ខេត្ត​ចំនួន​១៩​ស្ថិតក្នុង​កោះ​លូ​ហ្សុ​ន នៅពេលដែល​ព្យុះ​សី​ក្លូន​ត្រូពិច​មាន​ល្បឿន​ខ្យល់​រហូតដល់​ទៅ​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​បង្ក​ឲ្យ​មានការ​រអិល​បាក់​ដី​នៅក្នុង​ភាគ​ខាងកើត​ខេត្ត​កេ​ហ្សុ​ន​កាលពី​មុនពេល​ថ្ងៃត្រង់​ម្សិលមិញ​នេះ​។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា ក្រុម​អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីក្រុង​មួយចំនួន​ដែល​ត្រូវបាន​ជន់​លិច​ដោយសារ​ទឹកជំនន់​នៅក្នុង​ខេត្ត​កេ​ហ្សុ​ន និង​ខេត្ត​ឡា​ហ្គូ​ណា ដែល​នៅ​ទីនោះ​មាន​មនុស្ស​១៣​នាក់​កំពុង​បាត់​ខ្លួន​។​
​ការិយាល័យ​អាកាសធាតុ​បាន​និយាយទៀតថា គេ​ក៏​កំពុងតែបន្ត​តាមដាន​ព្យុះ​ទី​ហ្វុ​ង​តា​លីម ដែលមាន​ល្បឿន​ខ្យល់​រហូតដល់​ទៅ​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​កំពុង​បោកបក់​ឆ្ពោះ​មកកាន់​កោះ​លូ​ហ្សុ​ន នេះ​ផងដែរ​៕