អាមេរិក ប្រកាស​ផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រីការទូត​ក​ម្ពុ​ជា និង​ហាម​ពលរដ្ឋ​ខ្លួន​ឱ្យ​ប្រុងប្រយ័ត្ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2017 ក+ ក-

​ភ្នំពេញ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បានប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា អាមេរិក​នឹង​ផ្អាក លែងចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ ដោយមាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​និយាយថា នេះ​ជា​អំពើ​ជាក់ស្តែង​ដែល​បង្ហាញថា អាមេរិក​មិន​គោរព​សិទ្ធិមនុស្ស​។ ទោះជា​យ៉ាងណា លោក​បាន​បន្តថា កម្ពុជា​នៅតែ​សហការ​ជាមួយ​អាមេរិក ក្នុងការ​ពិភាក្សា​បន្ថែម​ផ្នែក​សិទ្ធិមនុស្ស និង​លើ​កិច្ចព្រមព្រាង​បញ្ជូន​ជនជាតិ​កម្ពុជា​មកវិញ​។​
​ក្នង​ពេល​ដដែល​នេះដែរ ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្លួន​ដែល​កំពុងស្នាក់នៅ​កម្ពុជា ឱ្យ​ប្រុងប្រយ័ត្ន និង​ចាកចេញ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​ដែលមាន​ការប្រមូលផ្តុំ​។​

ជាមួយនឹង​ចំណងជើង​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដែល​សរសេរថា​«​សារ​សន្តិសុខសំរាប់​ព​ល​រដ្ឋ​អាមេរិក​៖​កំណើន​ភាព​តានតឹង​និង​វោហារ​ប្រឆាំង​អាមេរិក​» ស្ថានទូត​អាមេរិក​នៅ​ល្ងាច​ថ្ងៃ​១៣​កញ្ញា​នេះ​បានចេញ​សារ​ព្រមាន​ដល់​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​រស់នៅក្នុង ឬ​កំពុងធ្វើដំណើរ​មក​កម្ពុ​ជា ថា​ដំណើរ​វិវត្តន៍​សភាពការណ៍​ចុងក្រោយ​នេះ រួមមាន​ការចាប់ខ្លួន​មេដឹកនាំ​នយោបាយ​ម្នាក់ ការបណ្តេញ​អង្គការក្រៅរដ្ឋាភិបាល​អាមេរិក​មួយ​និង​បុគ្គលិក​របស់​អង្គការ​នេះ ព្រមទាំង​វោហារ​សព្ទ​ប្រឆាំង​អាមេរិក​ចេញពី​មន្ត្រី អាច​បង្ក​ភាព​តានតឹង​នៅក្នុង​ប្រទេស​នេះ​។​

​ឆ្លើយតប​នឹង​ការអំពាវនាវ​នេះ លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ភ្លាមៗ​យ៉ាង​ដូច្នេះ​ថា «​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អាមេរិក​បែបនេះ គឺជា​បំផ្លើសការពិត ហើយ​បំភ្លៃ​ស្ថានការណ៍​ពិត នៅក្នុង​ប្រទេស​កម្ពុជា​ទាំងស្រុង ក្នុង​គោលបំណង​ទុច្ចរិត ដែល​រដ្ឋាភិបាល​កម្ពុជា មិនអាច​ទទួលយកបាន​នោះទេ​។ ការ​បង្ហោះ​ព័ត៌មាន​បែបនេះ គឺជា​ការបំពុល​បរិយាកាស​នយោបាយ​ពិត នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​ស្ថានភាព​នយោបាយ​កម្ពុជា នៅតែ​ដំណើរ​ការធម្មតា គ្មានអ្វី​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​»​។​

​សូមជម្រាបថា ប្រតិកម្ម​ដ៏​ខ្លាំង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​ស្ថានទូត​អាមេរិក បាន​បង្ហោះ​នូវ​ព័ត៌មាន​មួយ ឱ្យ​ពលរដ្ឋ​ខ្លួន​ចំពោះ​សន្តិសុខ នៅក្នុង​ប្រទេស​កម្ពុជា​។ ស្ថានទូត​បានប្រកាសថា «​ការអភិវឌ្ឍន៍​ថ្មីៗ​ដូចជា​ការចាប់ខ្លួន​អ្នកនយោបាយ​ជាដើម ការបណ្តេញ​អង្គការក្រៅរដ្ឋាភិបាល​អា​មេ​រិច និង​បុគ្គលិក​បរទេស​របស់ខ្លួន និង​វោហា​សាស្ត្រ​ប្រឆាំងនឹង​ជនជាតិ​អា​មេ​រិច​ដោយ​មន្ត្រី​អាច​បង្កើន ភាព​តានតឹង​ជាទូទៅ​នៅក្នុង​ប្រទេស​។ ទោះបី​ស្ថានទូត​មិនមាន​ព័ត៌មាន​ច្បាស់លាស់​ទាក់ទង​នឹង​ការធ្វើ​បាតុកម្ម​ឬ​បញ្ហា​សន្តិសុខ​ដែល​បាន​គ្រោងទុក​នៅពេលនេះ​ក៏ដោយ​យើង​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​អាមេរិក​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​»​។​

​ចំណែក​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​និយាយថា ក្រសួងការបរទេស​ក​ម្ពុ​ជា កំពុង​ពិនិត្យមើល​ករណីនេះ​៕