បណ្តាញ​ភេរវ​ករ​អាល់​កៃ​ដា​ព្រមាន​ថា មី​យ៉ាន់​ម៉ា​នឹង​ទទួលរង​ទណ្ឌកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2017 ក+ ក-

​រ៉ង់​ហ្គូ​ន ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ល្ងាច​មិញ​ថា ក្រុម​សកម្មប្រយុទ្ធ​អាល់​កៃ​ដា បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​អំពាវនាវ​ឱ្យ​ជន​មូស្លីម​ទាំងអស់​គាំទ្រ​ដល់ ជនជាតិដើម​ភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុង​ប្រឈមមុខ​នឹង​អំពើហិង្សា​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន និង​ព្រមាន​ថា មី​យ៉ាន់​ម៉ា នឹង​ទទួលរង​ទណ្ឌកម្ម​យ៉ាង​សាក​សម​ទៅនឹង​អំពើ​ឧក្រិដ្ឋ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។
​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក្រុម​អាល់​កៃ​ដា​បាន​ព្រមាន​ថា ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាង​សាហាវ​ឃោ​ឃៅ​លើ​បងប្អូន​មូស្លីម​របស់​យើង​… មិនត្រូវ​ឱ្យ​វា​រំលង​ទៅដោយ​គ្មាន​ការដាក់ទណ្ឌកម្ម​នោះទេ​… ដូច្នេះ​យើង​អំពាវនាវ​ឱ្យ​ជន​មូស្លីម​ទាំងអស់ នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ឥណ្ឌា ប៉ា​គី​ស្ថាន និង​នៅ​ហ្វីលីពីន​ចូលទៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ជួយ​ដល់​បងប្អូន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​របស់​យើង ព្រមទាំង​ជួយ​បណ្ដុះបណ្ដាល​ពួកគេ​ឱ្យមាន លទ្ធភាព​ប្រឆាំងនឹង​ការគាបសង្កត់​។
​ជាមួយគ្នា​នោះ​ក្រុម​បណ្តាញភេរវកម្ម​អាល់​កៃ​ដា​ដែល​សហរដ្ឋអាមេរិក​ចោទថា ជា​មេខ្លោង​នៅ​ពីក្រោយ​ការវាយប្រហារ​មហា​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា ២០០១ បាន​ជំរុញ​ឱ្យ​អ្នក​កាន់សាសនា​អ៊ីស្លាម ឬ​ជន​មូស្លីម​ទាំងអស់​នៅលើ​ពិភពលោក ផ្ដល់ជំនួយ​ដល់​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា រួមមាន​ទាំង​អាវុធ និង​ការគាំទ្រ​ផ្នែក​យោធា​ផងដែរ​។​
​គួរ​បញ្ជាក់ថា ចាប់តាំងពី​ជម្លោះ​រវាង​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា ផ្ទុះឡើង​កាលពី​ថ្ងៃទី ២៥ ខែសីហា​មក បាន​បណ្ដាលឱ្យ​មនុស្ស ៤០០​នាក់ ភាគច្រើន​ជា​រ៉ូ​ហ៊ីង​យ៉ា​បាន​ស្លាប់ និង​ជាង ៤០០,០០០​នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​ព្រំដែន​ប្រទេស​បង់​ក្លា​ដែ​ស​៕