អគ្គលេខាធិការ UN ជំរុញ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ម​ផ្អាក​ប្រតិបត្តិការ​យោធា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2017 ក+ ក-

​យូ​អិន ៖ លោក អង់​តូ​នី​ញ៉ូ ហ្គូ​ធឺ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​និយាយថា អំពើហិង្សា​ដែល​បានកើត​ឡើង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅលើ​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​គឺ​មិនអាច​ទទួលយក​បានទេ ហើយ​លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ផ្អាក​ប្រតិបត្តិការ​យោធា​។​ការ​ថ្លែង​បែបនេះ​របស់លោក​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​ពី​កាល​ម្សិលមិញ​។​
​ជាមួយគ្នា​នោះ​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ធឺ​រ៉េ​ស បាន​ថ្លែងថា រដ្ឋាភិបាល​ប្រទេស​មី​យ៉ាន់​ម៉ា​ត្រូវតែ​លើកតម្កើង​នីតិរដ្ឋ និង​ត្រូវ​ផ្ដល់​សិទ្ធិ​ដល់​ពលរដ្ឋ​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​នោះ​ឲ្យ​ត្រឡប់​ទៅ​រស់នៅក្នុង​លំនៅឋាន​ពួកគេ​វិញ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ ទន្ទឹម​នោះ​លោក ហ្គូ​ធឺ​រ៉េ​ស បាន​ក៏​ជំរុញ​ឲ្យ​មានការ​បញ្ចប់​អំពើហិង្សា និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ប្រទេស​មី​យ៉ាន់​ម៉ា​ផ្ដល់​សញ្ជាតិ ឬ​ផ្ដល់​ឋានៈ​ស្របច្បាប់​ដល់​ពលរដ្ឋ​រ៉ូ​ហ៊ីង​យ៉ា​ទាំងនេះ​ដើម្បី​ឲ្យ​ពួកគេ​អាចធ្វើ​ការងារ និង​ទទួលបាន​ការអប់រំ​ព្រមទាំង​ការ​គាំពារ​សុខភាព​ផងដែរ​។​
​សូមបញ្ជាក់ថា ចាប់តាំងពី​អំពើហិង្សា​បាន​ផ្ទុះឡើង​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​២៥​ខែសីហា​មកទល់នឹង​ពេលនេះ​គឺមាន​ពលរដ្ឋ​រ៉ូ​ហ៊ីង​យ៉ា​ជិត​៣៨​ម៉ឺន​នាក់​ហើយ​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​៕