ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​ច្រក​កា​រ៉ុង​បោះចោល​ ​សមត្ថកិច្ច​ចាប់បាន​ជន​ដៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2017 ក+ ក-

​ខេត្តកំពត ៖ ជនដៃដល់​ដែល​បានសម្លាប់​ស្ត្រី​ម្នាក់​ដោយ​កាប់​ជាច្រើន​កន្លែង ហើយ​ច្រក​នៅ​ក្នុងកា​រ៉ុង រួច​យកទៅ​បោះចោល​នៅក្បែរ​ប្រឡាយទឹក ក្នុងស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​១០​ថ្ងៃមុន​នោះ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ត្រូវ​កម្លាំង​នគរបាល​ខេត្តកំពត​បាន​ចាប់ខ្លួន​ហើយ​។​
​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ប្រាប់ថា កម្លាំង​នគរបាល​របស់លោក បាន​ចាប់​ជនដៃដល់​បាន​ហើយ និង​កំពុង​ទំនាក់ទំនង​ជាមួយ​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ទទួល​យកទៅ​សួរនាំ​បន្តទៀត ចាត់ការ​តាមច្បាប់​។ លោក​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ​ឈ្មោះ ប៉ាត ចន្ទ​វត្ថា អាយុ​៣០​ឆ្នាំ ស្រុកកំណើត​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ហើយ​សព្វថ្ងៃ​នៅផ្ទះ​លេខ​៨២ ផ្លូវ​លេខ​២ ភូមិ​១០ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ មុខរបរ រត់​តាក់ស៊ី និង​ជា​និពន្ធ​នាយ​កនៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ឆាយា​អង្គរ ព្រមទាំង​ដកហូត​រថយន្ត Highlander ពណ៌​ស្ករ ស្លាក​លេខ 2R-3182 PP នៅ​ភោជនីយដ្ឋាន​ហេង​រស្មី មុនពេល​ទៅ​ឃាត់​ជនសង្ស័យ នៅ​រមណី​ដ្ឋា​ន ណា​តា​យ៉ា ក្នុងភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ​។
​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៣ និង​៣០​រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅនេះ មាន​ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​លើ​ស្ត្រី​ម្នាក់ ដែល​ត្រូវ​ឃាតករ​កាប់​លើ​ផ្ទៃមុខ​ជាច្រើន​កាំបិត ហើយ​ច្រក​កា​រ៉ុង យកមក​ថ្លុ​ង​ចោល ក្បែរ​ប្រឡាយទឹក ក្នុងស្រុក​កំពង់ត្រឡាច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៕