គ​.​ជ​.​ប ៖ កម្ពុ​ជាមាន​លុយ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែង​ឲ្យ​ដឹងថា កម្ពុ​ជាមាន​លុយ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​បោះឆ្នោត ។ ដូច្នេះ​មានន័យថា បើទោះបី​គ្មាន​ជំនួយ​ពី​បរទេស តួយ៉ាង​ដូច​ជំនួយ​អាមេរិក ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ឡើយ ។​
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប ថ្លែង​ដូច្នេះ​នៅក្រោយ​បញ្ចប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​៖ ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​ឆ្នោត​នៅតាម​ឃុំ​-​សង្កាត់​, លទ្ធផល​បណ្ដុះ​អាសន្ន​នៃ​ការចុះឈ្មោះ​បោះឆ្នោត និង​ការផ្សព្វផ្សាយ​ស្ដីពី ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្ដឹង​ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត កាលពី​ព្រឹក​មិញ ។​
​លោក ហង្ស ពុទ្ធា បញ្ជាក់ថា កន្លងមក អង្គការ USAID បាន​ឧបត្ថម្ភ​រថយន្ត​ចំនួន​៦​គ្រឿង ដល់ គ​.​ជ​.​ប ចំណែក​អង្គការ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ អាយ​ហ្វេ​ស ក៏បាន​ដាក់​ការិយាល័យ​នៅ គ​.​ជ​.​ប ជួយ​ធ្វើការ គ​.​ជ​.​ប ផងដែរ ប៉ុន្តែ​បើ​គ្មាន​ជំនួយ​ពី​បរទេស​ទាំងនោះ ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា និង​មិន​ប៉ះពាល់​ដល់​ការងារ​របស់ គ​.​ជ​.​ប ដែរ ៕