គ ជ ប មិន​​ចុះឈ្មោះ​បោះឆ្នោត​៣​ថ្ងៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2017 ក+ ក-

​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ ជ ប បានអនុញ្ញាត​ឲ្យ​មន្ត្រី​ទទួលបន្ទុក​ចុះឈ្មោះ​អ្នកបោះឆ្នោត នៅតាម​ឃុំ​សង្កាត់ ទាំង ១៦៤៦ ឃុំ​សង្កាត់ ទូទាំងប្រទេស បាន​ឈប់ សម្រាក ដូច​មន្ត្រីរាជការ និង​បុគ្គលិក​ក្រុមហ៊ុន​ដែរ​។ ដូច្នេះ ការិយាល័យ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ទាំងអស់ ត្រូវ​បិទទ្វារ​រយៈពេល​៣​ថ្ងៃ ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ នា​សប្តាហ៍​ក្រោយ ហើយ​ការ ចុះឈ្មោះ នឹង​ចាប់ដំណើរការ​ឡើងវិញ នៅក្រោយ​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប បាន​ថ្លែង​បន្ទាប់ពី​សន្និសីទកាសែត នៅ​ទីស្នាក់ការ​កណ្តាល គជប កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នេះ​ថា “​ពេល​ភ្ជុំបិណ្ឌ ជា​ថ្ងៃ​បុណ្យជាតិ ដែល​កំណត់​ក្នុង​ប្រតិទិន​របស់​រាជរដ្ឋាភិបាល ។ សម្រាប់ គ ជ ប បានអនុញ្ញាត​ឲ្យ​មន្ត្រី​របស់ខ្លួន មានការ​ឈប់សម្រាក ដូច​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ទូទៅ​ដែរ​។ ដូច្នេះ ៣ ថ្ងៃ​នៃ​ពេល​ភ្ជុំបិណ្ឌ​នេះ គឺ​មន្ត្រី​នៃ​ក្រុម​ចុះឈ្មោះ​អ្នកបោះឆ្នោត​ទាំងអស់ ត្រូវបាន​ឈប់សម្រាក រហូតដល់​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​។​

​ ​សូមជម្រាបថា រយៈពេល​១៣​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ចុះឈ្មោះ​ថ្មី​ចំនួន​៨៥.៩៧៩​នាក់ ហើយ និង​មាន​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញ​ចំនួន​២៩៦​នាក់​៕