ផ្ទុះ​គ្រាប់បែក​នៅ​ភាគខាងត្បូង​ថៃ ស្លាប់​ប៉ូលិស​ម្នាក់ និង​១៨​នាក់​រងរបួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2017 ក+ ក-

​បាងកក ៖ មន្ត្រីប៉ូលិស​ថៃ​ម្នាក់​បាន​ស្លាប់ និង​១៨​នាក់​ផ្សេង​បានទទួល​រងរបួស​ធ្ងន់​-​ស្រាល បន្ទាប់ពី​គ្រាប់​បង្កៃ​ចំនួន​០៣​គ្រាប់ ត្រូវបាន​គេ​បំផ្ទុះ​បន្តបន្ទាប់​គ្នា នៅ​ខេត្ត​យ៉ា​ឡា ភាគខាងត្បូង ប្រទេស​ថៃ កាលពី​ម្សិលមិញ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ចិន ស៊ីន​ហួរ​។​
​ប៉ូលិស​និយាយថា គ្រាប់បែក​ទីមួយ​បាន​ផ្ទុះ​នៅជាប់​បង្គោល​ខ្សែភ្លើង​មួយកន្លែង ប៉ុន្តែ​ពុំបាន​បង្ក​ឲ្យ​មនុស្ស​រងគ្រោះ​ឡើយ ហើយ​ហេតុការណ៍​នេះ​ក៏​ត្រូវបាន​រាយការណ៍​ដ​ល់​ប៉ូលិស​។ ក្រោយមក​ក្រុម​ជំនាញ​ខាង​គ្រឿងផ្ទុះ ក៏ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ត្រួត​ពិនិត្យមើល​កន្លែងកើតហេតុ តែ​ពួកគេ​ស្រាប់​បាន​រងរបួស​ដោយសារ ការផ្ទុះ​នៃ​គ្រាប់បែក​មួយ​គ្រាប់​ផ្សេងទៀត និង​ដោយ​ការ​ឈ្លប​វាយប្រហារ​ពី​ក្រុម​ឧទ្ទាម​ថែមទៀត ហើយ​បន្ទាប់មកទៀត គ្រាប់បែក​ទី​បី​ក៏បាន​ផ្ទុះឡើង​។​
​ទោះបីយ៉ាងណា​កម្លាំង​ប៉ូលិស​សរុប ១៩​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ដោយ​ម្នាក់​ក្នុងចំណោម​នោះ បាន​បាត់បង់​ជីវិត​ទៅហើយ​៕