ករណី​បាញ់រះ និង​បំផ្ទុះ​រថយន្ត​នៅ​បា​កដាដ​មនុស្ស​ស្លាប់​កើន​ដល់ ៨៣​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2017 ក+ ក-

​បា​កដាដ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​នៅ​ព្រឹក​នេះ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​រហូតដល់​៨៣​នាក់​ហើយ ខណៈ​៩៣​នាក់​រងរបួស​នៅក្នុង​សកម្មភាព​វាយប្រហារ​ដោយ​បំផ្ទុះ​រថយន្ត និង​បាញ់រះ​នៅក្បែរ​ទីក្រុង ណា​ស្រ៊ី​យ៉ា​ហ៍ (Nasriyah) ក្នុង​ខេត្ត ឌី​ការ (Dhi Qar) ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ម្សិលមិញ​។
​ប្រធាន​នាយកដ្ឋាន​សុខាភិបាល​ប្រចាំខេត្ត​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា «​តួលេខ​នៃ​ចំនួន​អ្នករងគ្រោះ​ចុងក្រោយ​បំផុត ដោយសារ​ហេតុការណ៍​វាយប្រហារ​ដោយ​បំផ្ទុះ​រថយន្ត និង​បាញ់រះ​នៅ​តំបន់ ហ្វា​ដាក់ (Fadak) ក្នុង​ខេត្ត Dhi Qar បាន​កើន​ដល់ ៨៣​នាក់​ស្លាប់ និង ៩៣​នាក់​របួស ស្រប​ពេលដែល​មនុស្ស​ជាច្រើន​នាក់​ទៀត ក្នុងចំណោម​នោះ​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​»​។​
​សកម្មភាព​ពាក់ព័ន្ធ​គ្នា​ទាំងពីរ​ករណី បាន​កើតឡើង​នៅពេលដែល​ខ្មាន់កាំភ្លើង​មួយក្រុម​បាន​សម្រុកចូល​វាយប្រហា​រ​ទៅលើ​អាហារ​ដ្ឋា​ន​មួយកន្លែង ក្នុង​តំបន់ Fadak ភាគ​ខាងលិច​ក្រុង Nasriyah ដែល​នៅ​ប្រមាណ ៣៧៥​គីឡូម៉ែត្រ ភាគខាងត្បូង​នៃ​ទីក្រុង​បា​កដាដ ខណៈ​រថយន្ត​បង្កៃ​គ្រាប់បែក​មួយគ្រឿង ត្រូវបាន​គេ​បំផ្ទុះ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយកន្លែង នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អាហារ​ដ្ឋា​ន ដែល​បាន​រង​ការវាយប្រហារ​។​
​ទោះយ៉ាងណា​ក្រោយមក​ក្នុង​ថ្ងៃ​ដដែល ក្រុម​ភេរ​វករ ISIS បាន​ចេញមុខ​អះអាង តាម​បណ្តាញសារព័ត៌មាន​រប​ស់​ខ្លួន​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ទង្វើ​នេះ​៕