ឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង​ករណី លោក គឹម សុខ ដដែល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក ប៉ាក ច័ន្ទ​សំបូរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ពោលគឺ​ផ្តន្ទាទោស​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ហើយ​មជ្ឈដ្ឋាន​មួយចំនួន​ហៅថា អ្នកវិភាគ​មាត់ដាច នោះ ដាក់ពន្ធនាគារ​១៨​ខែ​ដដែល ។ ការសម្រេច​បែបនេះ​ធ្វើឡើង​ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧​។​
គួររំលឹកថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​គឹម សុខ ដាក់ពន្ធនាគារ​រយៈពេល​១៨​ខែ ពិន័យ​៨​លាន​រៀល​ចូល​ថវិការដ្ឋ និង សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន​៨០០​លាន​រៀល ករណី​ចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី ។​
​លោក គឹម សុខ ជាប់ចោទ​ចំនួន​ពីរ​បទល្មើស គឺ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​
​បច្ចុប្បន្ន​លោក គឹម សុខ នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​សម្តេច​តេ​ជោ ដូចគ្នា គឺពាក់ព័ន្ធ​ការដែល​លោក គឹម សុខ បាន​ចោទប្រកាន់ ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ​៕