ប៉េកាំង ៖ រដ្ឋាភិបាលចិនបាននិយាយថា ខ្លួនជំទាស់យ៉ាងខ្លាំងទៅនឹងការបាញ់សាកល្បងមីស៊ីលផ្លោង ICBM យ៉ាងគគ្លើនជាថ្មីម្តងទៀតរបស់កូរ៉េខាងជើង ហើយចាត់ទុកថា ជាទង្វើប្រឆាំងនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបញ្ជាក់ថា៖ «ចិនជំទាស់នឹងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ដែលជាទង្វើរំលោភបំពានលើ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ»។ លោកស្រី Hua បន្ថែមទៀតថា ស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងស្ថិតនៅក្នុងសភាពស្មុគស្មាញ រសើប និងគួរឱ្យព្រួយបារម្ភ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ គួរតែរក្សាភាពអត់ធ្មត់ និងជៀសវាងការធ្វើសកម្មភាពទាំងឡាយណាបង្កឱ្យភាពតានតឹងកាន់តែកើនឡើង។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃសុក្រកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យមមួយគ្រាប់ចេញពីតំបន់ស៊ូណាន Sunan ក្នុងទីក្រុងព្យុងយ៉ាង ដោយវារត់បានចម្ងាយប្រមាណ ៣,៧០០គីឡូម៉ែត្រ និងហោះឡើងកម្ពស់ប្រហែល៧៧០គីឡូម៉ែត្រ រំលងពីលើដែនអាកាសនៃកោះហុកកៃដូ មុននឹងធ្លាក់នៅចម្ងាយប្រហែលជា ២,០១៥គីឡូម៉ែត្រភាគខាងកើតប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕