សេអ៊ូល ៖ មេដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាយ៉ាងមុតមាំថា នឹងសម្រេចកម្មវិធីនុយក្លេអ៊ែរ នៃប្រទេសរបស់លោកឲ្យបានដោយ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកនេះ។
លោក គីម បានលើកឡើងបែបនេះ ក្នុងអំឡុងពេលចុះត្រួតពិនិត្យ ការតេស្តបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមធុន Hwasong-12 ដែលបានហោះរំលងប្រទេសជប៉ុន កាលពីព្រលឹមថ្ងៃសុក្រម្សិលមិញ។ នាឱកាសនោះដែរមេដឹកនាំកូរ៉េខាងជើងរូបនេះបានថ្លែងថា «យើងគួរតែបង្ហាញឲ្យច្បាស់ៗ ដល់ពួកមហាអំណាចថា យើងនឹងនៅអាចសម្រេចគោលដៅ នៃការអភិវឌ្ឍនុយក្លេអ៊ែរបានដោយរបៀបណា ទោះបីជាមានការដាក់ទណ្ឌកម្ម និងរារាំងរាប់មិនអស់ពីពួកគេយ៉ាងណាក្តី»។
លោក គីម ជុនអ៊ុន បានបន្តថា «គោលដៅធំចុងក្រោយរបស់យើង គឺដើម្បីបង្កើតឲ្យមានតុល្យភាពនៃឥទ្ធិពលយោធាជាមួយសហរដ្ឋអាមេរិក ហើយធ្វើឲ្យមេដឹកនាំអាមេរិកទាំងឡាយ លែងហ៊ាននិយាយពីជម្រើសនៃការប្រើប្រាស់កងទ័ពរបស់ពួកគេទៀត មកលើកូរ៉េខាងជើង»៕