រាជធានីភ្នំពេញ ៖ ៣ថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៥២លើក បណ្តាលឲ្យមនុស្ស២៦នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះមាននារី៤នាក់ និងរបួសធ្ងន់ស្រាល ៩០នាក់។ បើធៀបនឹងឆ្នាំ២០១៦ ចំនួនគ្រោះថ្នាក់ចរាចរណ៍កើនឡើង១០ ខណៈចំនួនអ្នកស្លាប់ និងរបួសកើន៣១នាក់។ គ្រោះថ្នាក់ចរាចរណ៍៥២លើកនេះ បណ្តាលឲ្យម៉ូតូខូច៧៣គ្រឿង រថយន្តតូច២២គ្រឿង រថយន្តធំ ១គ្រឿង យានយន្តផ្សេងៗ ១គ្រឿង។
យោងតាមរបាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃចុងក្រោយរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះថា កត្តាដែលនាំឲ្យកើនមានគ្រោះថ្នាក់ចរាចរពីថ្ងៃទី១៩ ដល់ ២១ ខែកញ្ញា នេះ រួមមាន៖ ល្បឿនលឿន ១៣លើក, ស្រវឹង ៨លើក, ប្រជែង ៥លើក, មិនគោរពសិទ្ធិ ៩លើក, មិនប្រកាន់ស្តាំ ៧លើក, បត់គ្រោះថ្នាក់៩លើក, កត្តាយានយន្ត១លើក។
របាយការណ៍បន្តថា ខេត្តព្រៃវែង កើតមានគ្រោះថ្នាក់ចរាចរណ៍៤លើក ស្លាប់៧នាក់ របួស៦នាក់, កំពង់ស្ពឺ ២លើក ស្លាប់៤នាក់, កណ្តាល៤លើក ស្លាប់៤នាក់, កំពង់ចាម៦លើក ស្លាប់៣នាក់ របួស៧នាក់, កំពង់ធំ ៣លើក ស្លាប់២នាក់ របួស៣នាក់, តាកែវ ៣លើក ស្លាប់ម្នាក់ របួស៦នាក់ និងខេត្តព្រះសីហនុ កើតចំនួន ២លើក ស្លាប់ម្នាក់ របួស៣នាក់៕