ញូយ៉ក ៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បានថ្លែងថា មេដឹកនាំលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការចាត់វិធានការសកម្មភាពកំរិតខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្រកូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋអាមេរិក ព្រមពេលជាមួយគ្នានេះកូរ៉េខាងជើង អាចនឹងដឹកនាំការធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនដ៏មានឥទ្ធិពលរបស់ខ្លួន នៅឯមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ។
ការថ្លែងបែបនេះរបស់ លោក Ri Yong-ho ធ្វើឡើងបន្ទាប់ពី លោក គីម ជុងអ៊ុន ព្រមានចាត់វិធានការសងសឹក ឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមកម្ទេចកូរ៉េខាងជើងឱ្យក្លាយជាផេះ។ លោក Ri បានបញ្ជាក់ថា «វិធានការទាំងនោះ អាចជាការធ្វើតេស្ដបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក… តែយ៉ាងណា យើងនៅមិនទាន់ដឹងថា ផែនការសកម្មភាពនេះអាចនឹងត្រូវអនុវត្តន៍ ឬយ៉ាងណានោះទេ ត្បិតវាស្ថិតនៅក្រោមបញ្ជាដោយ លោក គីម ជុងអ៊ុន»។
លោក ដូណាល់ ត្រាំ នៅក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិនៅឯទីស្នាក់ការកណ្តាល UN នាបុរីញូយ៉កកាលពីថ្ងៃព្រហស្បតិ៍បានព្រមានកម្ទេចកូរ៉េខាងជើង ឱ្យក្លាយជាផេះ ដើម្បីការពារសន្តិភាព និងសន្តិសុខក្នុងតំបន់ នៅក្នុងករណីទីក្រុងព្យុងយ៉ាង ហ៊ានគំរាមកំហែងដល់សម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិក៕