ម៉ិចស៊ីកូ ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដីដ៏កក្រើកនៅភាគកណ្តាលប្រទេសម៉ិចស៊ីកូកាលពីថ្ងៃអង្គារកន្លងទៅ បានកើនឡើងដល់ ២៧៣នាក់ហើយ ខណៈដែលអ្នករងរបួសមានជាង ២,៦០០នាក់។
យោងតាមសេចក្តីប្រកាសពីទីភ្នាក់ងារគាំពារជនស៊ីវិលជាតិម៉ិចស៊ីកូបានឲ្យដឹងថា មនុស្សចំនួន១៣៧នាក់បានបាត់បង់ជីវិត នៅក្នុងរដ្ឋធានីម៉ិចស៊ីកូស៊ីធី, ៧៣នាក់នៅរដ្ឋម៉ូរេឡូស, ៤៣នាក់ នៅរដ្ឋភឺប្លា, ១៣នាក់ នៅរដ្ឋម៉ិចស៊ីកូ, ០៦នាក់ នៅរដ្ឋហ្គឺរេរ៉ូ, និងម្នាក់នៅរដ្ឋអូសាខា ។ ក្រៅពីនេះអគារប្រមាណ ៤០ខ្នង បានដួលរលំទាំងស្រុង ស្របពេលដែល ២,៩០០ខ្នង បានរងការខូចខាត។
ដោយឡែកបើតាមក្រសួងសុខាភិបាលម៉ិចស៊ីកូ មន្ទីរពេទ្យនានា បានទទួលព្យាបាលអ្នករបួសចំនួន ២,៦៣៣នាក់ ដោយភាគច្រើនគឺនៅក្នុងរដ្ឋធានីរបស់ប្រទេសតែម្តង ជាទីដែលមានមនុស្សប្រមាណ ១,៩៩៨នាក់ បានរងរបួសធ្ងន់ស្រាល។
ទោះបីយ៉ាងណាបើតាមទីភ្នាក់ងារដដែលបានបញ្ជាក់ថា ចំនួននេះទំនងជាអាចនឹងកើនឡើងខ្លាំងថែមទៀត ខណៈដែលប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តប្រព្រឹត្តនៅឡើយ គ្រាដែលសាកសពបន្ថែម កំពុងត្រូវគេទាញចេញពីគំនរបាក់បែកនៃអគារ ដែលបានទទួលរងការបំផ្លិចបំផ្លាញ ដោយសារគ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ធ្ងររហូតដល់ ៧.១រ៉ិចទ័រដ៏សាហាវប្រចាំឆ្នាំនេះ៕