ភ្នំពេញ ៖ ល្បែងកន្ទុយលេខ (ឆ្នោតវៀតណាម) នៅតែមានការកើតឡើងយ៉ាងពេញបន្ទុកព្រោះសមត្ថកិច្ចហាក់ដូចជាមិនយកចិត្តទុកដាក់។ ប្រជាពលរដ្ឋដែលរស់នៅតាមក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានរិះគន់ចំៗថា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។ ជាហេតុនេះទើបសូមរអំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការបង្ក្រាបល្បែងកន្ទុយលេខនៅតំបន់ផ្សារស្ទឹងមានជ័យ ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គម។
ថ្មីៗកន្លងទៅនេះសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ មិនសូវបានយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានទេ បង្ក្រាបតែបទល្មើសតូចតាចរួចហៅអ្នកការសែតទៅថតដើម្បីបង្ហាញស្នាដៃរបស់ខ្លួន។ ចំណែកល្បែងឆ្នោតធំៗជាច្រើនកន្លែងនៅក្បែរវត្តស្ទឹងមានជ័យ បែរជាសមត្ថកិច្ចធ្វើជាមើលរំលងមិនហ៊ានប៉ះពាល់ឡើយ។ ហេតុនេះលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ គួរពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យផង។
ដូចនេះហើយដើម្បីកុំអោយកើនមានអំពើចោរកម្មលួចឆក់ប្លន់និងបទល្មើសផ្សេងៗ សូមស្មើរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប្រកបដោយប្រសិទ្ធភាពផង៕