ជនសង្ស័យ​ដែល​ច្រៀង​ជេរប្រមាថ​សម្តេច​តេ​ជោ ហ៊ុន សែន សារភាព​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2017 ក+ ក-

​ខេត្តក្រចេះ ៖ ជនសង្ស័យ​ដែល​ច្រៀង​ចម្រៀង​ប្រមាថ​កិត្តិយស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សារភាពថា រូបគេ​ពិតជា​បាន​ច្រៀង​ជេរប្រមាថ​ថ្នាក់ដឹកនាំ​កម្ពុជា​ប្រាកដ​មែន ហើយ​អះអាងថា ចម្រៀង​បែប​ជេរប្រមាថ​នេះ ខ្លួនគេ​បាន​និពន្ធ​ឡើង​តាំងពី​ឆ្នាំ​២០១៣​។ នេះ​បើតាម​ការអះអាង​របស់​សមត្ថកិច្ច​ជំនាញ​នៅ​ខេត្តក្រចេះ​ក្រោយពេល​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ នៅ​ល្ងាច​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៧​។​
​ជនសង្ស័យ​ឈ្មោះ ហ៊ុយ ឧត្ដម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខ​របរ ជា​មេការ​ក្រុមហ៊ុន​ទឹក​សុទ្ធ នៅ​ខេត្តកំពង់ស្ពឺ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តក្រចេះ​ឃាត់ខ្លួន​នៅ​ស្រុកកំណើត​ប្រពន្ធ របស់​ជនសង្ស័យ នៅ​ភូមិ​ឫស្សីកែវ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ពាក់ព័ន្ធ​នឹង​ការជេរប្រមាថ​ថ្នាក់ដឹកនាំ​ប្រទេស គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នៅលើ​បណ្ដាញ​សង្គម Facebook នៅវេលា​ម៉ោង​២ និង​០០​រសៀល ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៧​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ហ៊ុយ ឧ​ត្ត​ម បាន​និយាយថា កាលពី​ឆ្នាំ​២០១៣ រូបគេ​បាន​និពន្ធ​បទ​ចម្រៀង​ចំនួន​៤​បទ​ចំរៀង ក្នុងនោះ​មាន​បទ​ជា​ចម្រៀង​បែប​ជេរប្រមាថ ថ្នាក់ដឹកនាំ ហើយ​ក្នុង​បទ នោះដែរ រូបគេ​បាន​បង្ហោះ​ចូលក្នុង​សង្គម Facebook​។ ក្រោយមកទៀត រូបគេ​បាន​ឈប់ Post ប៉ុន្តែ​មាន​មិត្តភក្តិ​លើ Facebook មួយចំនួន​ជា​អ្នករក្សា វីដេអូ​នេះ​ទុក រួច​បង្ហោះ​បន្ត លុះដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៧ មាន Facebook មួយ​មានឈ្មោះ កែម ឡី​ទី​១០០០០ ក៏បាន​យក​វីដេអូ​នេះ មក​បង្ហោះ​ម្តងទៀត​តែម្តង​។ នេះ​បើតាម​បញ្ជាក់​ពី​លោក គុណ សោ​ភ័​ណ្ឌ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​។​
​ទោះបីយ៉ាងណា​សមត្ថកិច្ច​ក៏​គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​រូបនេះ ទៅ​តុលាការ​ផងដែរ បន្ទាប់ពី​បញ្ចប់​ការសួរនាំ​រួចរាល់​៕