ផ្ទុះ​គ្រាប់បែក​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​បណ្តាល​ឲ្យ​យោធា​៤​នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2017

​បាងកក ៖ មន្ត្រី​សន្តិសុខ​នៅក្នុង​តំបន់​នោះបាន​និយាយថា ផ្ទុះ​គ្រាប់បែក​តាម​ដងផ្លូវ​ដែល​បង្កៃ​ដោយ​ពួក​អ្នកបះបោរ​មូស្លីម​បានសម្លាប់​មន្ត្រី​អនុរក្ស​យោធា ៤ នាក់ និង​រងរបួស ៦ នាក់​រួមទាំង​ជន​ស៊ីវិល​ម្នាក់​ផងដែរ​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹងថា​គ្រាប់បែក​នេះ​ត្រូវបាន​គេ​បង្កៃ​នៅក្រោម​ផ្លូវ​ដែល​កំពុង​ត្រូវបាន​សាងសង់​នៅ​ខេត្ត​ប៉ា​តានី ។​
​លោក Pramote Prom-in អ្នកនាំពាក្យ​កងកម្លាំង​សន្តិសុខ​ក្នុង​តំបន់​បាន​និយាយថា “​ក្រុម​ដែល​បាន​បង្កៃ​គ្រាប់បែក​នេះ​កំពុង​ប្រើ​បច្ចេកទេស​ចាស់​ដើម្បី​បង្កើត​អស្ថេរភាព​នៅក្នុង​តំបន់ ។ ពួកគេ​បាន​បង្កៃ​គ្រាប់បែក​នៅក្រោម​ផ្លូវ​ដែល​កំពុង​សាងសង់​” ។​
​ការផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​សុក្រ​បាន​កើតឡើង​បន្ទាប់ពី​ការផ្ទុះ​គ្រាប់បែក​តាម​ដង​ផ្លូវកា​លពី​សប្ដាហ៍​មុន​ដែល​បានសម្លាប់​ទាហាន​ពីរ​នាក់ និង​រងរបួស​ជាង ២០ នាក់​នៅ​ខេត្ត​យ៉ា​ឡា ។​
​ក្នុងនោះ​ផងដែរ​មិនមាន​ការទទួលខុសត្រូវ​ចំពោះ​ការផ្ទុះ​នេះឡើយ​ដែលជា​ទូទៅ​កើតឡើង​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​ដែល​ពួក​អ្នកបះបោរ​កំពុង​ប្រយុទ្ធ​ដើម្បី​បំបែក​ខ្លួន ៕