សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជា​ឲ្យ​អភិបាល​ខេត្តកំពត ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ (​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧)​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​នៅលើ Facebook ផ្លូវការ​របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ឲ​ខ្ញុំ​ដឹង​ពី​ការដូរ​ឈ្មោះ រមណីយដ្ឋាន​ភ្នំ​បូកគោ​ទៅជា​ឈ្មោះ​ផ្សេង​ដែល​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មិនបាន​ដឹង​និង​មិនបាន​អនុញ្ញាត​។ ខ្ញុំ​បាន​បញ្ជារ​ឲ​អភិបាល​ខេត្តកំពត​ទៅ​ដកហូត​ចេញ​នូវ​ផ្លាកសញ្ញា​អត់​ច្បាប់​ចេញ​ឲ្យ​បាន​មុន​ម៉ោង​១១​ថ្ងៃនេះ​។ តំបន់​ប្រវត្តិសាស្ត្រ​ត្រូវតែ​រក្សា ឈ្មោះ​ដើម​ជាដាច់ខាត​»៕