ក្រុម​សិល្បករ​របស់​ស្ថានីយទូរទស្សន៍​បាយ័នជួប​គ្រោះថ្នាក់លើ​​ផ្លវឡើង​ភ្នំ​ទ្រព្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2014 ក+ ក-

ខេត្តព្រះវិហារ​៖​ក្រុម​សិល្បករ​សម្តែង​ក្នុង​«​កម្ម វិធី​នាទី​ដើម្បី​យុទ្ធជន​»​របស់​ស្ថានីយទូរទស្សន៍​ បាយ័នបាន​ជួបឧប្បត្តិ​វ​ហេតុ​គ្រោះថ្នាក់​មួយ​នៅលើ​ផ្លូវ​ឡើងទៅ​កាន់​ភ្នំ​ទ្រព្យ ជាទី​កន្លែង​ដែល​ពួកគេ​ត្រូវ​សម្តែង​ ជូន​វិ​រៈកង​ទ័ព​ការពារ​ព្រំដែន​ទិស​ប្រាសាទព្រះវិហារ ដោយ​រថយន្ត​របស់​ក្រុម​សិល្បករ​នោះ បាន​រលត់​ម៉ាស៊ីន ពេល​ឡើង​ចំណោត ហើយក៏​រអិល​ថយក្រោយ​វិញ​។
​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នោះ មិន​បង្ក​ឲ្យ​សិល្បករ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​ជីវិត ឬ​រងរបួស​ធ្ងន់ធ្ងរ​នោះទេ ដោយ​គ្រាន់​តែមាន​របួស​បន្តិច​បន្តួច​ប៉ុណ្ណោះ​។​
​តារាចម្រៀង នាង ឈួន សុវណ្ណ​ឆៃ បាន​រៀបរាប់​អោយដឹងថា គ្រោះថ្នាក់​នោះបាន​កើតឡើង កាលពី​ថ្ងៃទី​១០ ខែកញ្ញា នៅពេល​ក្រុមការងារ​ពួកនាង​ធ្វើដំណើរ​តាម​រថយន្ត​ឡើងទៅ​លើ​ខ្នងភ្នំ​ទ្រព្យ​ដែលជា​ទីតាំង​ថត​កម្មវិធី​អោយ​ស្ថានីយទូរទស្សន៍​បាយ័ន សម្រាប់ធ្វើ​ការចាក់ផ្សាយ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​
​នាង​អះអាងថា នៅពេល​ឃើញ​រថយន្ត​មាន​បញ្ហា​ដូច្នេះ ក្រុមការងារ​មួយចំនួន ភ័យ​ស្លន់ស្លោ និង​បាន​លោត​ចេញពី​រថយន្ត ខ្លះទៀត​ធ្លាក់​ដួល​នៅលើ​ផ្លូវ​។​
​ដោយឡែក​សម្រាប់​រូបនាង និង​សិល្បករ​មួយចំនួនទៀត មិនបាន​លោត​ចេញពី​រថយន្ត​នោះទេ គឺ​បាន​ក្រាប​នៅក្នុង​រថយន្ត ទើប​បណ្តាលអោយ​បោក​ក្បាល និង​ថ្លោះ​ដៃ​ថ្លោះ​ជើង ដោយសារ​ប៉ះទង្គិច​ជាមួយ​រថយន្ត​។​
​តារាចម្រៀង​ស្រី​ចាស់វស្សា​រូបនេះ បាន​បញ្ជាក់ថា ជា​សំណាង​ហើយ ដែល​អ្នកបើក​បររថ​យន្ត មាន​បច្ចេកទេស​ខ្ពស់​ដោយ​ចាប់​ហ្វ្រាំង​បន្តិច​ម្តងៗ កាច់ចង្កូត​បង្វែរ​ទិស​ទៅ​ផ្អឹប​នឹង​ផ្ទាំង​ថ្ម បើ​មិន​ដូច្នេះ​ទេ រថយន្ត​ដែល​ពួកនាង​ជិះ ត្រូវ​ធ្លាក់ចូល​ជ្រោះ​បាត់ទៅហើយ​។​
​នាង ឈួន សុវណ្ណ​ឆៃ បាន​បញ្ជាក់ថា សិល្បករ​សិល្បការិនី ដែល​រួម​ដំណើរ​ជាមួយ​នាង​នោះ មាន ដូចជា​៖ លោក យក់ ដួងតារា នាង កែវ ច័ន្ទ​សម្ផស្ស លោក មាស សារិទ្ធ នាង ភា​រ៉ាត់ តន្ត្រីករ​ជើង ចាស់ លោកគ្រូ​បា អ្នកស្រី ហែម សុវណ្ណ រួម​នឹង​ក្រុមការងារ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​មួយចំនួនទៀត​តែ​ពួកគាត់​បាន​រង​បួស​ស្រាល​។ ដោយឡែក រូបនាង​មាន​របួស​នៅត្រង់​ក្បាល​បន្តិច និង​ថ្លោះ​ជើង​ប៉ុណ្ណោះ​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ​៕

Untitled-3Untitled-1Untitled-2