ក្រសួងសុខាភិបាល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​បរិភោគ​សាច់​ឆៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2017

​រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ជាបន្ទាន់​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បញ្ឈប់​ការបរិភោគ​សាច់​ឆៅ ឬ​ចម្អិន មិន​ឆ្អិន​ល្អ ដើម្បី បង្ការ​ជំងឺ​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ខណដែល​ប្រភេទ​ជំងឺ​នេះ អាច​ឲ្យ​មនុស្ស​ស្លាប់ ក្នុង​រយៈពេល​ដ៏​ខ្លី​។​
​តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​រិ​ភោគ​សាច់​ឆៅ បន្ទាប់ពី​ក្រសួង​បាន​រកឃើញ ពង​ដង្កូវ​ព្រូន ទ្រី​ស៊ី​ណែ​ឡា នៅក្នុង​សាច់សត្វ​ឆៅ ក្រោយ​ពេលដែល​ប្រជាពលរដ្ឋ បាន​បរិភោគ កាលពី​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​៨​នាក់ បាន​ស្លាប់​។​
​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ច្រក​គោល ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​បរិភោគ​សាច់សត្វ​ព្រៃ​ប្រហែលជា ៣ ទៅ​៤​សបា្ដហ៍ មុន​ពួកគាត់​ឈឺ ហើយ​អ្នក​ឈឺ មាន​រោគសញ្ញា ដូចជា​៖ គ្រុនក្ដៅ រាក​ក្អួត ឈឺ​សាច់ដុំ អស់កម្លាំង ហើម​ដៃ​ហើមជើង និង​ឈឺសន្លាក់​។ អាការៈរោគ​នេះ ចាប់ផ្ដើម តាំងពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧ ម្លេះ រហូតមកដល់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ករណី​ដដែល​បាន​បន្ត​កើតមាន​ចំនួន ៣៣ ករណី ក្នុង​នោះបាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៨​នាក់​។​
​ក្នុងចំណោម​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ​កំពង់ធំ មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​កេតុមាលា ក្រុមគ្រូពេទ្យ បាន​យក​សំណាក កោសិកា សាច់ដុំ ដើមដៃ អ្នកជំងឺ ៣​នាក់ និង​ឈាម អ្នកជំងឺ ៩​នាក់ ទៅ​វិភាគ ក្នុងនោះ​សំណាក​អ្នកជំងឺ ៣​នាក់ ត្រូវបាន​រកឃើញ ដង្កូវ​ព្រូន ទ្រី​ស៊ី​ណែ​ឡា នៅក្នុង​សាច់ដុំ​៕