អង្គការសិទ្ធិមនុស្ស​ចោទ​មី​យ៉ាន់​ម៉ា​ថា កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2017 ក+ ក-

​រ៉ង់​ហ្គូ​ន ៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ចោទប្រកាន់​មី​យ៉ាន់​ម៉ា​ថា កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ​នៅក្នុង​យុទ្ធនាការ​បោសសំអាត​ក្រុម​សកម្មប្រយុទ្ធ​មូស្លីម នៅឯ​រដ្ឋ​រ៉ា​ឃី​ន ភាគ​ខាងជើង នៃ​ប្រទេស និង​អំពាវនាវ​ផងដែរ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្ម និង​ហាមឃាត់​ការលក់​អាវុធ​ឱ្យ​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​បើតាម អង្គការ Human Rights Watch ផ្អែកលើ​ការវិភាគ​រូបភាព​ថត​ដោយ​ផ្កាយរណប ពួកគេ​បាន​រកឃើញ​បទឧក្រិដ្ឋ​ប្រឆាំង​រ៉ូ​ហ៊ីង​យ៉ា មួយចំនួន​ដូចជា ការបណ្ដេញ ឬ​បង្ខំ​ឱ្យ​ប្រជាជន​ចាក​ចេញពី​ផ្ទះសម្បែង ការសម្លាប់ ឬ​ការព្យាយាម​សម្លាប់ ការរំលោភបំពាន​ផ្លូវភេទ និង​ការ​ធ្វើទុក្ខបុកម្នេញ​ជាដើម​។​
​ជុំវិញ​វិបត្តិ​មនុស្សជាតិ​នេះដែរ នាយក​គោលនយោបាយ និង​សមភាព​នៃ​អង្គការ Human Rights Watch លោក James Ross បាន​លើកឡើងថា «​យោធា​មី​យ៉ាន់​ម៉ា បាន​បណ្ដេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា យ៉ាង​សាហាវព្រៃផ្សៃ​ចេញ​រដ្ឋ​រ៉ា​ឃី​ន ភាគ​ខាងជើង នៃ​ប្រទេស​…​ហើយ​ការសម្លាប់​រង្គាល​អ្នកភូមិ​និង ការដុត​បំផ្លាញ​ដែល​បង្ខំ​ឱ្យ​ពួកគេ​រត់គេច​ចេញ​ផ្ទះសម្បែង​គឺជា​បទឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ​»​។​
​បើ​យោងតាម អ​.​ស​.​ប គិត​ចាប់តាំងពី​ជម្លោះ​ផ្ទុះឡើង​នៅ​រដ្ឋ​រ៉ា​ឃី​ន កាលពី​ថ្ងៃទី​២៥ ខែសីហា​មក មាន​មនុស្ស​ច្រើនជាង​៤០០​នាក់ ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​បាន​ស្លាប់ រីឯ​មនុស្ស ៤៨០,០០០​នាក់​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​។ តែ​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិនទាន់មាន​ប្រតិកម្ម​អ្វី​នោះទេ ក៏ប៉ុន្តែ​លោកស្រី អ៊ុង សាន​ស៊ូ​ជី ធ្លាប់បាន​ទាត់ចោល​រាល់​ការចោទប្រកាន់​ទាំងឡាយ​ផងដែរ ដោយ​ថែមទាំង​អះអាងថា ពួកយោធា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​ភេរ​វករ ទទួលខុសត្រូវ​លើ​ការវាយប្រហារ​លើ​ប៉ូលិស និង​យោធា រួមទាំង​ការស្លាប់​របស់​ជន​ស៊ីវិល និង​ការដុត​បំផ្លាញ​ភូមិ​តែប៉ុណ្ណោះ​៕