ចិន ៖ សង្គ្រាម​នៅលើ​ឧបទ្វីប​កូរ៉េ​នឹង​មិនមាន​អ្នកណា​ឈ្នះ​ឡើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2017 ក+ ក-

ប៉េកាំង ៖ អ្នកនាំពាក្យ​អោយ​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សង្គ្រាម​នៅលើ​ឧបទ្វីប​កូរ៉េ​នឹង​មិនមាន​អ្នកឈ្នះ​ឡើយ​។ ការលើកឡើង​បែបនេះ​ធ្វើឡើង ខណៈដែល​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​ត្រូវបាន​គេ​មើលឃើញថា បាននិងកំពុង​កើនឡើង​ខ្លាំង​នា​សប្ដាហ៍​នេះ​។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា ប្រទេស​កូរ៉េខាងជើង​បាន​បង្កើន​ប្រព័ន្ធ​ការពារ​របស់ខ្លួន​នៅតាម​តំបន់ឆ្នេរ​ភាគ​ខាងកើត បន្ទាប់ពី​បាន​និយាយ​ចោទប្រកាន់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ថា បានប្រកាស​សង្គ្រាម​មកលើ​ប្រទេស​កូរ៉េខាងជើង ហើយ​ក៏បាន​និយាយ​ដែរ​ថា ខ្លួន​នឹង​បាញ់​ទម្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ដែល​ហោះ​នៅក្បែរ​ឧបទ្វីប​កូរ៉េ​។​
​គួរ​បញ្ជាក់ថា ប្រទេស​ចិន​បាន​អំពាវនាវ​ម្ដង​ហើយ ម្ដងទៀត​អោយមាន​ការចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅលើ​ឧបទ្វីប​កូរ៉េ​នោះ​។ ទន្ទឹម​នោះ​ប្រទេស​ចិន​ក៏បាន​ចុះហត្ថលេខា​យល់ព្រម​បង្កើន​ការ ដាក់ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​បំផុត​របស់​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងជើង​ផងដែរ​៕