កម្ពុជា​នឹង​បញ្ជូន​កីឡាការិនី​៣​រូប​ចូល​ប្រកួត​ជើងឯក​ប្រដាល់សកល​នារី​នៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2017

​កីឡា ៖ កម្ពុជា​នឹង​បញ្ជូន​កីឡាការិនី ០៣​រូប ទៅ​ចូលរួម​ការប្រកួត​ជើងឯក​ប្រដាល់សកល​នារី ទ្វីបអាស៊ី ឆ្នាំ​២០១៧ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០២ ដល់ ០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ នៅ​ប្រទេស​វៀតណាម ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​។​
​កីឡាការិនី​៣​រូប​ដែល​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​នឹង​បញ្ជូនទៅ​ចូលរួម​នោះ​រួមមាន​កីឡាការិនី វី ស្រី​ខួច ប្រភេទ​ទម្ងន់ ៦០ kg ,​កីឡាការិនី អេ​ព្រី​យ៉ា​នុត ភូ​ថង ប្រភេទ​ទម្ងន់ ៥៧ kg និង កីឡាការិនី នៅ ស្រី​ពៅ ប្រភេទ​ទម្ងន់ ៥៤ kg ហើយ​បច្ចុប្បន្ននេះ​កីឡាការិនី​ទាំង​៣​រូបនេះ​កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​ជាមួយ លោកគ្រូ​បង្វឹក វ៉ែន សុផល នៅ​សាល​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ប្រដាល់ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ។​
​តាម​ការបញ្ជាក់​របស់​សហព័ន្ធ​បាន​ឲ្យ​ដឹងថា​ក្រុមកីឡា​ការិនី​ប្រដាល់សកល​កម្ពុជា នឹង​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​នេះ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ ខាងមុខនេះ​ដែល​ដឹកនាំ​ដោយ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​៕