ព្រះមហាក្សត្រនិង​សម្ដេចម៉ែ ស្តេចយាង​ និវត្តន៍​មកដល់​កម្ពុជា​វិញ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2017 ក+ ក-

​ ​ភ្នំពេញ ៖ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ បាន​ស្តេចយាង​និវត្តន៍​មកដល់​កម្ពុជា​វិញ​ហើយ នៅ​ម៉ោង ៣​រសៀល ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៧ នេះ បន្ទាប់ពី​ព្រះអង្គ​ទាំង​ទ្វេ ស្តេចយាង​ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៧ កន្លងទៅ​។​
​ការយាងត្រឡប់​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ នៅឯ​ព្រលានយន្តហោះ​អន្តរ ជាតិ ភ្នំពេញ មានការ​ទទួល​ព្រះរាជដំណើរ​ដោយ ព្រះ​ញាតិវង្ស សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ព្រះ​បរម​រាជ វាំង​ផងដែរ​។​
​សូមបញ្ជាក់ថា ព្រះមហាក្សត្រ​ខ្មែរ និង​សម្តេចម៉ែ តែង​បាន​យាង​ទៅពិនិត្យ​ព្រះរាជ សុខភាព​យ៉ាង​ទៀងទាត់​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន តាម​ការកំណត់​របស់​ក្រុមគ្រូពេទ្យ ចិន​៕