កម្មការិនី នឹង​ទទួលបាន​ប្រាក់​សម្រាល កូន និង​ប្រាក់​មាតុភាព​១២០%​នៃ​ប្រាក់ខែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2017 ក+ ក-

​ភ្នំពេញ ៖ ចាប់ពី​ខែមករា ឆ្នាំ​២០១៨ តទៅ កម្មការិនី​រោងចក្រ​ដែលមាន​ផ្ទៃពោះ នឹង​ទទួលបាន ប្រាក់ឧបត្ថម្ភ ៤០​ម៉ឺន​រៀល នៅពេល​សម្រាលកូន​បាន​ម្នាក់​។ ដោយឡែក កម្មការិនី​ដែល​សម្រាល​បានកូន​ភ្លោះ​២ នឹង​ទទួលបាន​៨០​ម៉ឺន​រៀល និង​អ្នក​ដែលមាន​កូនភ្លោះ​៣ ទទួលបាន​១​លាន​២​សែន​រៀល​។​លើសពីនេះ​ទៀត​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ស្នើ​ឲ្យ​ថៅកែ​រោងចក្រ អនុញ្ញាត​ឲ្យ​កម្មការិនី ដែលមាន​ផ្ទៃពោះ អាច​ចេញ​មុន​ម៉ោង​ការងារ​យ៉ាងតិច ១៥ នាទី ផងដែរ​។
​ការផ្តល់ប្រាក់​ដល់ក​ម្ម​ការិនី​សម្រាលកូន​នេះ ជា​គោលនយោបាយ​ផ្តល់​សាច់ប្រាក់ ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ចំពោះមុខ​កម្មករ​-​កម្មការិនី​ប្រមាណ​១ ម៉ឺន​នាក់ នៅ​រោងចក្រ​តំបន់​កំបូល តាមផ្លូវ​ជាតិ​លេខ ៤ នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា នេះ ។

​ ​រាជរដ្ឋាភិបាល ក៏​សម្រេច​ឲ្យ​កម្មការិនី​ដែល​សម្រាលកូន អាច​ឈប់សម្រាក​មាតុភាព រយៈពេល​៣​ខែ ហើយ​អាច​ទទួលបាន​ប្រាក់ខែ​ចំនួន ១២០ ភាគរយ​ទៀតផង ដែល​ប្រាក់ ខែ​នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ជា​អ្នកផ្តល់​ឲ្យ​៧០ ភាគរយ និង​ភាគី​រោងចក្រ​ផ្តល់ ជូន​៥០ ភាគរយ​។
​បន្ថែម​ពីនេះ សម្ដេច​តេ​ជោ បាន​អំពាវនាវ​ឲ្យ​បង្កើត​គិលានដ្ឋាន ទារកដ្ឋាន អាហារ ដ្ឋា​ន ឲ្យ​បាន​គ្រប់​រោងចក្រ​សហគ្រាស ដែល​ពេលនេះ នៅតាម​រោងចក្រ សហគ្រាស​មាន​គិលានដ្ឋាន​មាន​ប្រមាណ​៨០% អាហា​រដ្ឋា​ន​មាន​ជាង​៣០% ចំណែក​ទារកដ្ឋាន មានតែ​ជាង​២០%​ប៉ុណ្ណោះ​៕