ធនាគារពិភពលោក ព្យាករ​កំណើន សេដ្ឋកិច្ច​កម្ពុជា​ទាប​ជាង ADB
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2017 ក+ ក-

​ភ្នំពេញ ៖ ខណៈ​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ប្រមាណ​៧,១​ភាគរយ​នោះ ធនាគារពិភពលោក​បាន​ព្យាករ​កំណើន​នេះ​ត្រឹមតែ​៦,៨​ភាគរយ សម្រាប់​ឆ្នាំ ២០១៧ និង ៦,៩​ភាគរយ សម្រាប់​ឆ្នាំ​២០១៨ ប៉ុណ្ណោះ​។​
​តាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​៤ តុលា នេះ​ថា កំណើន​ត្រូវបាន​ព្យាករ​ថា មានការ​ថមថយ​តិច​តួច​មក​នៅត្រឹម​៦,៨​ភាគរយ​ក្នុង​ឆ្នាំ​២០១៧ ថយ​ពី​៧,០​នៅ​ឆ្នាំ​២០១៦ ។ ការ​ថមថយ​កំណើន​នេះ​មកពី​ការនាំចេញ​វាយ​ន​ភណ្ឌ​មានការ​ថយ​ល្បឿន​បន្តិច ខណៈ​ការនាំចេញ​គ្រឿងយន្ត បរិក្ខារ និង​គ្រឿងបន្លាស់​អគ្គិសនី មានការ​កើនឡើង​ជំនួស​វិញ ។
​លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក ប្រចាំ​កម្ពុជា​បានឱ្យដឹងថា ការ​ព្យាករ​របស់​ធនាគារពិភពលោក គឺ​បាន​ពឹងផ្អែក​ទៅលើ​ឯកសារ តឹកតាង​មួយចំនួន​ដែល​ខ្លួន​បាន​សិក្សា ។ ម្យ៉ាងទៀត​ការទម្លាក់​ការ​ព្យាករ​នេះដែរ ក៏​ស្រដៀង​គ្នា​ទៅនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះដែរ ដោយ​ក្នុងនោះ ក្រសួង​បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា នឹង​នៅត្រឹម​៦,៩​ភាគរយ ក្នុង​ឆ្នាំ ២០១៧ ។​
​លោក​បន្តថា បើ​ក្រលេក​មក​មើល​ស្ថានភាព​ជាក់ស្ដែង​វិញ ក៏បាន​បង្ហាញ​ដូចនេះ​ដែរ ក្នុងនោះ​ឃើញថា វិស័យ​កាត់ដេរ បាន​ធ្លាក់ចុះ​បន្តិច​តែ​វា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​នោះទេ ព្រោះ​វា​បាន​ជំនួស​មកវិញ​នៅ​វិស័យ​ទេសចរណ៍ និង​ការនាំចេញ​គ្រឿងយន្ត សម្ភារៈ​អគ្គិសនី​ជាដើម ។
​ពាក់​ព​ន្ធ័​នឹង​ហានិភ័យ សម្រាប់​កំណើន​សេដ្ឋកិច្ចកម្ពុជា ធនាគារពិភពលោក​បាន​បង្ហាញថា បើសិនជា​សេដ្ឋកិច្ច​ប្រទេស​ធ្លាក់ចុះ​យ៉ាងគំហុក​នោះ វា​នឹង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក៏ត្រូវ​ធ្លាក់ចុះ​ដែរ ។ ដូចនេះ​មានន័យថា ចិន​ជាទី​ផ្សារ​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជួយ​ជំរុញ​កំ​ណើ​សេដ្ឋកិច្ច ឱ្យមាន​ស្ថេរភាព​៕