Catalonia អាច​នឹង​ប្រកាស​ឯករាជ្យ ផ្តាច់ខ្លួន​ចេញពី​អេ​ស្ប៉ា​ញ​នៅ​សប្តាហ៍​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2017 ក+ ក-

​អេ​ស្ប៉ា​ញ ៖ រដ្ឋាភិបាល​នៅក្នុង​តំបន់​បាន​ថ្លែងថា មេដឹកនាំ​តំបន់ កាតា​ឡាន (Catalonia) អាច​នឹង​ប្រកាស​ឯករាជ្យ​ផ្ដាច់ខ្លួន​ពី​ប្រទេស​អេ​ស្ប៉ា​ញ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ ខណៈ​វិបត្តិ​មួយ បាន​នឹង​កំពុង​កើនឡើង រវាង​រដ្ឋាភិបាល​ទីក្រុង Madrid និង​ក្រុម​មេដឹកនាំ​ពួក​ផ្តាច់ខ្លួន ស្តីពី​ការបោះឆ្នោត​ប្រជាមតិ ទាមទារ​ឯករាជ្យ​ដោយ​ខុសច្បាប់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​AFP ។​
​ក្រុម​មេដឹកនាំ​ពួក​ផ្តាច់ខ្លួន នៅក្នុង​តំបន់ កាតា​ឡាន បានស្នើ​ឲ្យ​មាន​សម័យប្រជុំ​សភា នៅ​ថ្ងៃ​ចន្ទ ដើម្បី​វិភាគ​អំពី​លទ្ធផល​នៃ​ការធ្វើប្រជាមតិ ហើយ​យោង​តាមរបៀប វារៈ​នៃ​សម័យប្រជុំ​ដែល​បានសម្រេច​នោះ ឯករាជ្យ​អាច​នឹងត្រូវ​បានប្រកាស​ឡើង​។ នេះ​បើតាម​ការ​ស្រង់​សម្តី​ពី​ប្រភព​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​
​ជុំវិញ​ករណី​ខាងលើនេះ​រដ្ឋមន្ត្រី​យុត្តិធម៌​អេ​ស្ប៉ា​ញ បានបញ្ជាក់​ថា ទីក្រុង Madrid នឹងធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង នៅក្រោម​ប្រព័ន្ធ​ច្បាប់​ដែលមាន​ស្រាប់ ដើម្បី​រារាំង​ការប្រកាស​ឯករាជ្យ​នៃ​តំបន់​កាតា​ឡាន (Catalonia) ព្រមទាំង​ព្រមាន​ថា ការ​រឹងទទឹង​ចង់​ទាមទារ​ឯករាជ្យភាព​នេះ គឺជា​ការរំលោភបំពាន​លើ​មាត្រា​១៥៥ នៃ​រដ្ឋធម្មនុញ្ញ​ជាតិ ដែល​អាច​នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ចូលធ្វើ អន្តរាគមន៍​គ្រប់គ្រង​តំបន់​ស្វយ័ត​កាតា​ឡាន​៕