ឃុំខ្លួន​បុរស​៣​នាក់​​ករណី​យកលុយ​ពី​អ្នកសុំទាន​តាម​ភ្លើងស្តុប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ តុលាការ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បុរស​៣​នាក់ ពាក់ព័ន្ធ​រឿង​ដើរ​ប្រមូល​លុយ​ពី​កុមារៗ និង​អ្នកសុំទាន​នៅតាម​ស្តុ​ប បន្ទាប់ពី​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​នាពេល​កន្លងទៅ ។​
​បុរស​ទាំង​៣​នាក់​ដែល​ត្រូវ​ឃុំខ្លួន​រួមមាន​៖ ទី​១​ឈ្មោះ ឃុ​ត នឹម ហៅ តា​លឹម ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជា​បុគ្គលិក​ជាប់កិច្ចសន្យា មន្ទីរ​សង្គមកិច្ច​-​ទី​២​ឈ្មោះ ហឹ​ង សា​រ៉ូម ហៅ តា​រុំ ភេទ​ប្រុស​អាយុ ៤២​ឆ្នាំ ជា​បុគ្គលិក​ជាប់កិច្ចសន្យា មន្ទីរ​សង្គមកិច្ច -​និង​ទី​៣​ឈ្មោះ សាន សិត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ អតីត​ជា​អ្នកសុំទាន បច្ចុប្បន្ន​ជា​អ្នកដើរ​ប្រមូល​លុយ​ពី​អ្នកសុំទាន​តាម​ភ្លើងស្តុប ឲ្យ​ទៅ​ឈ្មោះ ឃុ​ត នឹម ហៅ​តា​លឹម និង​ឈ្មោះ ហឹ​ង សា​រ៉ូម ហៅ តា​រុំ​។​
​សូមបញ្ជាក់ថា បុរស​ទាំង​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧ កន្លងទៅ ក្រោយពី​សមត្ថកិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ​រកឃើញថា​ពួកគេ​បាន ទទួលយក​ផលប្រយោជន៍​ពី​អ្នកសុំទាន និង​ជា​រនុកក្នុង​ផ្តល់ព័ត៌មាន​ដល់​អ្នកសុំទាន ធ្វើការ​គេចខ្លួន​ពី​ការ ចុះបង្ក្រាប របស់​មន្ទីរ​សង្គមកិច្ច និង​សមត្ថកិច្ច​ផងដែរ​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច បុរស​ទាំង ៣​នាក់ បាន​សារភាពថា ពួកគាត់​ពិតជា​បានធ្វើ​សកម្មភាព​ប្រមូល​លុយ ពី​អ្នកសុំទាន​រៀងរាល់ថ្ងៃ នៅតាម​ភ្លើងស្តុប ដោយ​អ្នកសុំទាន​ម្នាក់​ត្រូវ​បង់ ១​ម៉ឺន ទៅ ១២,០០០ រៀល​ក្នុង​១​ថ្ងៃ ៕